ភ្នំពេញ៖ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយបានការសម្របសម្រួលពីអាជ្ញាធរសាលារាជធានីភ្នំពេញ បន្តចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមបណ្តាផ្សារទីសាធារណៈ និងទីប្រជុំជន ជាពិសេសទីតាំងផ្សារសំខាន់ៗចំនួន២៥កន្លែង ក្នុងរាជធានីភ្នំពេញ ។ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងតែរីករាយក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ហើយក៏ជាហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ ។
បើយោងតាមរបាយការណ៍របស់អង្គភាព៧១១ ទីតាំងផ្សារសំខាន់ៗរហូតទៅដល់២៥កន្លែងក្នុងនោះមានដូចជាផ្សារធំថ្មី ផ្សារអូរឬស្សី ផ្សារអូឡាំពិក ផ្សារទួលទំពូង និងផ្សារសហគមន៍សាធារណៈផ្សេងៗជាច្រើនទៀត នឹងត្រូវបានចុះយុទ្ធនាការបាញ់ថ្នាំ ដែលធ្វើឡើង ចាប់ពីម៉ោង៥ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នេះតទៅ។
សូមជម្រាបថា ការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ក៏ជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានក្រើនរំលឹក និងណែនាំជាបន្តបន្ទាប់ ចំពោះហានិភ័យនៃការចម្លង ជំងឺកូវីដ-១៩។ ទើបក្រុមការងារបានកំណត់គោលដៅទីតាំងផ្សារទាំងនោះសុទ្ធសឹងតែមមាញឹកទៅដោយអាជីវករ និងប្រជាពលរដ្ឋចម្រុះ រួមទាំងជនជាតិបរទេសផងដែរ កត្តានេះជាហានិភ័យខ្ពស់បំផុត នៃការចម្លងមេរោគកូវីដ-១៩ចូលក្នុងសហគមន៍ផងដែរ ។
ចំពោះការដាក់ចេញនូវវិធានការប្រយ័ត្នប្រយែងរបស់ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកថ្មីមួយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ តម្រូវឱ្យប្រជាពលរដ្ឋប្រកាន់យកការរស់នៅតាមបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិយាបថប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ គ្រប់ពេលវេលា គ្រប់ទីកន្លែង។
គួរបញ្ជាក់ថា កន្លងមកកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការពារជំងឺកូវីដ-១៩ ជាច្រើនកន្លងមកតាមបណ្តាស្ថាប័នទ័ពនិងស៊ីវិលដូចជា៖ ចុះបាញ់ថ្នាំតាមបណ្តាសាលាហ្វឹកហ្វឺនយោធភូមិភាគ បញ្ជាកាដ្ឋានកងទ័ពជើងគោក អគ្គបញ្ជាការ និងបណ្តាអង្គភាព សាលា និងតាមវរសេនាតូចចំណុះកងពល បានចំនួន៨លើក ចុះបាញ់ថ្នាំតាមបណ្តាខេត្ត ក្រុង ក្រោមការរៀបចំរបស់វេទការសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)ទីស្តីការគណៈរដ្ឋមន្ត្រី បានចំនួន២លើកផងដែរ ។
ជាក់ស្ដែងនៅថ្ងៃទី១៨នេះ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមបណ្តាផ្សារ និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ក្រោមការរៀបចំ និងសម្របសម្រួលរបស់សាលារាជធានីភ្នំពេញ៕ ដោយ៖ស តារា