រឿងព្រេងខ្មែរ÷ រឿង សត្វ​ក្អែក​ការ​កូន

ចែករំលែក៖

សេចក្ដីដំណាលថាមាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូរ​ស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត ឲ្យ​ហើរ​រក​ចំណី ផ្លែ​ឈើ ស្រូវ​អង្ករ ត្រី សាច់​គ្រប់​មុខ​ទាំង​អស់ ដើម្បី​យក​មក​រៀបចំ​ទទួល​ភ្ញៀវ​សត្វ ។ លុះ​ដល់​ថ្ងៃ​កំណត់​រៀបចំ ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី​ទាំង​ពីរ​ហើយ ពពួក​សត្វ​ទាំង​អស់​ដែល​ស្ដេច​ក្អែក​បាន​អញ្ជើញ បាន​មក​ជួប​ជុំ​យ៉ាង​គគ្រឹក​គគ្រេង ស៊ី​ផឹក​សប្បាយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​លាន់​ទ្រហឹង​ពេញ​ព្រៃ ។ និយាយ​ពី​សត្វ​អណ្ដើក ដែល​ស្ដេច​ក្អែក​បាន​អញ្ជើញ​ដែរ ក៏​ខំ​វារ​កខ្វេសកខ្វាស​ទៅ​នឹង​គេ​ដែរ តែ​ដោយ​ហេតុ​ជើង​គាត់​ខ្លី​ពេក​ក៏​មក​ដល់​ក្រោយ​គេ ។ លុះ​ទៅ​ដល់​ដើម​ត្នោត​ដក​ក​មើល​ទៅ​លើ ឃើញ​ពពួក​គេ​ស៊ី​ផឹក​អ៊ូអរ​យ៉ាង​ក្រៃលែង ក៏​នឹក​ឃ្លាន​ស្រក់​ទឹក​មាត់ មិន​ដឹង​គិត​ធ្វើ​ម្ដេច​នឹង​បាន​ទៅ​លើ​ចុង​ត្នោត​បាន ។ ពេល​នោះ​ស្រាប់​តែ​មាន​ពស់​មួយ​លូន​មក​ដល់ អណ្ដើក​ក៏​សួរ​ទៅ​ពស់​ថា: បង​ពស់​ទៅ​ណា​ដែរ? ពស់​ឆ្លើយ​ថា: ខ្ញុំ​ទៅ​ស៊ី​ការ​កូន​បង​ក្អែក ។ ចុះ​បង​អណ្ដើក​ឯង​មក​ទី​នេះ​ធ្វើ​អ្វី​ដែរ ? ខ្ញុំ​បម្រុង​ទៅ​ស៊ី​ការ​កូន​បង​ក្អែក​ដែរ ។ ពស់​ថា: បើ​ដូច្នេះ​ចូរ​បង​អណ្ដើក​ឯង​ខាំ​កន្ទុយ​ខ្ញុំ​មក ខ្ញុំ​នឹង​លូន​យោង​ឡើង​ទៅ​លើ តែ​សូម​ប្រយ័ត្ន​មាត់​ក​បន្តិច ។ អណ្ដើក​ត្រេក​អរ​ណាស់ ក៏​ខាំ​កន្ទុយ​ពស់​ភ្លាម ពស់​ក៏​លូន​ឡើង​ទៅ​លើ​ចុង​ត្នោត ។ លុះ​ទៅ​ដល់​ក​ត្នោត ស្ដេច​ក្អែក​ក្រឡេក​ឃើញ​អណ្ដើក ក៏​ស្រែក​សួរ​ជា​ការ​គួរ​សម​ថា: យី ! បង​អណ្ដើក​អញ្ជើញ​មក​ដែរ ? អណ្ដើក​ភ្លេច​ខ្លួន​ឆ្លើយ​ទទួល​នឹង​ពាក្យ​គួរ​សម​នេះ​វិញ​ថា “បាទ !” មួយ​រំពេច​នោះ អណ្ដើក​ក៏​របូត​មាត់​អំពី​កន្ទុយ​ពស់ ធ្លាក់​ខ្ពោក​មក​ដល់​ដី​បណ្ដាល​ឲ្យ​ខ្ទាំ​ស្នូក​នៅ​ជាប់​ស្នាម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឯង ។ ចំណី​ម្ហូប​អាហារ ដែល​ប្រុង​នឹង​បាន​ស៊ី​ក៏​ខាន​បាន​ស៊ី ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ស្រាំ​ស្នូក​ទៀត ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ចាស់​តែង​និយាយ​ឲ្យ​មនុស្ស​ដែល​គេ​ហៅ​ទៅ​ជប់​លៀង ឬ​បរិភោគ​អាហារ​ក្នុង​ពិធី​អ្វី​មួយ មនុស្ស​ដែល​គេ​ហៅ​នោះ​ទៅ​ពុំ​ទាន់​ពេល​ម្ហូប​អាហារ​ក៏​អស់​ទៅ លុះ​មនុស្ស​នោះ​ទៅ​ដល់​ក្រោយ​គេ ៗ ច្រើន​និយាយ​ឲ្យ​ថា: មនុស្ស​មាត់​អណ្ដើក ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print