អន្តរជាតិ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះថា លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលទទួលការតែងតាំងជាផ្លូវការ សម្រាប់បេក្ខភាពអនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកានោះ បានចូលរួមជាមួយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីថ្កោលទោសចំពោះភាពបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាអ្នកដឹកនាំ។
លោកស្រី Harris គឺជាស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ និងជាស្រ្តីអាមេរិកាំងដើមកំណើតអាស៊ី ដែលត្រូវបានជ្រើសតាំងជាបេក្ខភាព អនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។
លោកស្រី Harris បានថ្លែងនៅក្នុងសុន្ទរកថាមួយថា លោក ត្រាំ បានបង្វែសោកនាដកម្ម ទៅជាអាវុធនយោបាយ ដូច្នេះយើងអំពាវនាវឲ្យពលរដ្ឋអាមេរិកបោះឆ្នោតឲ្យលោក ចូ បៃដិន (Joe Biden) ជំនួសវិញ ព្រោះលោកគឺជាជម្រើសប្រធានាធិបតី ដែលអាចនាំយកសាមគ្គីភាពសម្រាប់យើងទាំងអស់គ្នា។ លោកស្រីបានបន្តទៀតថា ភាពគ្មានទំនួសខុសត្រូវរបស់លោក ត្រាំ ក្នុងនាមជាអ្នកដឹកនាំ បានធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋអាមេរិកកាំង។
គួរបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា គឺជាប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់របស់អាមេរិក ក៏បានថ្កោលទោសលោក ត្រាំ និងបានអំពាវនាវឲ្យបោះឆ្នោតជ្រើសរើសលោក Biden ផងដែរ។
សូមជម្រាបថា អតីតប្រធានាធិបតីស្បែកខ្មៅដំបូង នៅក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះ ថែមទាំងបានថ្លែងទៀតថា មុនពេលលោកប្រគល់សេតវិមាន ទៅឲ្យលោក ត្រាំ កាលពីឆ្នាំ២០១៧ លោកគិតថា គណបក្សសាធារណៈរដ្ឋអាចដឹកនាំអាមេរិក ក្នុងទំនួសខុសត្រូវខ្ពស់ ប៉ុន្តែនេះជាការយល់ខុសទាំងស្រុង ព្រោះជាលទ្ធផល លោក ត្រាំ បានត្រឹមបន្សល់ទុកនូវឥទ្ធិពលដ៏អាក្រក់ ដោយបំផ្លាញកេរ្តិ៍ឈ្មោះអាមេរិក នៅជុំវិញពិភពលោក ហើយស្ថាប័នប្រជាធិបតេយ្យរបស់យើង បានរងការគំរាមកំហែងយ៉ាងខ្លាំងបំផុត៕ដោយ៖ស តារា