អន្តរជាតិ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ បានអះអាងថា វត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែករបស់ចិន គឺជាការបង្កក្តីអន្តរាយដល់សន្តិភាព នៅតំបន់សមុទ្រចិនខាងត្បូង និងបានរំលោភអធិបតេយ្យភាព របស់វៀតណាមផងដែរ។
លោកស្រី ឡេ ធីធូហង (Le Thi Thu Hang) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «នៅពេលដែលភាគីពាក់ព័ន្ធ បញ្ជូនសព្វាវុធ និងយន្តហោះគ្រាប់បែកទៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) វាមិនត្រឹមតែរំលោភអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ តែថែមទាំងបង្កអន្តរាយដល់សន្តិភាព នៅក្នុងតំបន់ផងដែរ»។នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ CNA។
សូមជម្រាបថា នេះមិនមែនជាលើកទី ១ នោះទេដែលប្រទេសវៀតណាម បានប្រកាសចោទប្រកាន់ចំៗទៅលើចិន ខណៈដែលប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងជម្លោះយ៉ាងក្តៅគគុក ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ ការចោទប្រកាន់ជាថ្មីនេះ បានកើតមានឡើងក្រោយពីអ្នកសារព័ត៌មាន សាកសួរអំពីជំហររបស់វៀតណាម ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែកចិន ដែលហោះហើរពីលើប្រជុំកោះផារ៉ាសែល(Paracels) ក្នុងតំបន់សមុទ្រចិនខាងត្បូង៕ដោយ៖ស តារា