ប្រទេសជប៉ុន៖ នៅពេលនេះជប៉ុនបានកាត់បន្ថយការរឹតត្បិតដល់និស្សិតបរទេស ដោយអនុញ្ញាតឲ្យចូលមកទឹកដីជប៉ុន ក្រោយការហាមឃាត់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។
ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុននៅថ្ងៃទី២២ខែសីហាបានប្រកាសថា ជប៉ុនបានសម្រេច កាត់បន្ថយការរឹតត្បិត ក្នុងការធ្វើដំណើរដល់ក្រុមនិស្សិតបរទេស ចាប់ពីពេលនេះតែម្តង ។ ជាមួយគ្នានេះដែរ ជប៉ុនក៏មានគម្រោង លុបច្បាប់ហាមប្រាមទាំងស្រុង ដល់ ពលរដ្ឋបរទេសដែលស្នាក់នៅក្នុងទឹកដីជប៉ុន ចាប់ពីដើមខែកញ្ញាខាងមុខ ។
ប៉ុន្តែពលរដ្ឋបរទេសទាំងអស់ដែលចូលក្នុងទឹកដីជប៉ុន គឺចាំបាច់ត្រូវតែ ធ្វើតេស្ត បញ្ជាក់ថាពួកគាត់មិនមាន ករណីឆ្លងកូវីដ-១៩ពេល ចូលក្នុងទឹកដីជប៉ុន។ ទន្ទឹមនឹងនោះក៏ត្រូវតាមដានសុខភាពរយៈពេល២សប្តាហ៍ផងដែរ ។
បច្ចុប្បន្ន ជប៉ុនបានហាមប្រាមពលរដ្ឋមកពី ១៤៦ប្រទេសជុំវិញពិភពលោកចូលក្នុងទឹកដីជប៉ុន ដោយសារតែ ការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់។ ប៉ុន្តែកន្លងមកថ្មីៗ ជប៉ុនបានអនុញ្ញាតឲ្យពលរដ្ឋមកពី១៦ប្រទេសបន្ថែមទៀតដែលមានករណីឆ្លងកូវីដ-១៩តិច ចូលក្នុងទឹកដីជប៉ុន ក្នុងនោះ មាន ថៃនិងវៀតណាម ជាដើម៕ដោយ៖ធី រីណា