អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 កាន់តែខ្លាំងឡើងនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី២៥ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ ។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយថា អាជ្ញាធរកូរ៉េខាងត្បូង កំពុងព្យាយាមរឹតបន្តឹង ទៅលើវិធានការណ៍រក្សាគម្លាតសុវត្ថិភាពសង្គម ដោយបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅទីក្រុងសេអ៊ូល (Seoul), ទីក្រុងអ៊ីនឈន់ (Incheon) និងខេត្តគ្យុងជី (Gyeonggi) ឲ្យផ្លាស់ប្តូរទៅជាការរៀនតាមអនឡាញ ចាប់ពីថ្ងៃពុធស្អែកនេះវិញ និងបន្តរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ ប៉ុន្តែនឹងមានការលើកលែង សម្រាប់ថ្នាក់សិស្សវិទ្យាល័យឆ្នាំចុងក្រោយ ដែលពួកគេនឹងត្រូវប្រលងចូលសាកលវិទ្យាល័យ នៅដើមខែធ្នូខាងមុខនេះ។
ជាមួយគ្នានោះដែរ លោកស្រី យូ អ៊ុនហេ (Yoo Eun-hae) រដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េខាងត្បូង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ការលេចចេញនូវការឆ្លងរីករាលដាលដ៏ធំនៃ COVID-19 ចាប់តាំងពីខែសីហានេះ បានក្លាយជាការឆ្លងរីករាលដាលដល់ក្រុមសិស្សសាលា និងបុគ្គលិកសាលាជិត ២០០នាក់ក្នុងរយៈពេល ០២សប្ដាហ៍កន្លងមកនេះ ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង»។
ចំពោះការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺ COVID-19 នេះ ត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះកាលពីសប្ដាហ៍មុន ហើយត្រូវបានពង្រីកបន្ថែមទៀត ដោយមានការរឹតបន្តឹងទូទាំងប្រទេសផងដែរ។ ដោយវិធានការណ៍នេះរួមមាន៖ ការរឹតបន្តឹងទៅលើការជួបជុំធំៗដូចជា សេវាកម្មផ្នែកសាសនា និងការបិទក្លឹបរាត្រី, ខារ៉ាអូខេ, និងអ៉ីនធើណិតកាហ្វេផងដែរ។ លើសពីនេះ អាជ្ញាធរកូរ៉េខាងត្បូងបានព្រមានថា វិធានការណ៍ដែលត្រូវនឹងរឹតបន្តឹងនេះ អាចនឹងរួមបញ្ចូលទាំងការបិទអាជីវកម្មផងដែរ ប្រសិនបើចំនួនករណីឆ្លងថ្មីនៅតែបន្តកើនឡើង។
បើគិតត្រឹមថ្ងៃអង្គារព្រឹកមិញនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ១៧,៩៤៥ករណី ក្នុងនោះមានអ្នកស្លាប់៣១០នាក់ និងជាសះស្បើយ ១៤,២៨៦នាក់៕ដោយ៖ស តារា