អន្តរជាតិ៖ ក្រោយពីមានការផ្ទុះការរិះគន់លើបណ្ដាញសង្គមពាក់ព័ន្ធវិធានការរបស់ប៉ូលីសលើស្ត្រីមួយក្រុមដែលដេកអាំងថ្ងៃដោយចំហល្វែងលើនៅឆ្នេរសមុទ្រមួយភាគខាងត្បូងនៃប្រទេសបារាំង ។ លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង Gerald Darmanin បានចេញមុខការពារសិទ្ធិសេរីភាពក្នុងការស្លៀកពាក់របស់ស្ត្រីបារាំង ដោយលោកចាត់ទុកការស្ដីបន្ទោសលើការស្លៀកពាក់របស់ពួកគេជារឿងខុសឆ្គង។
រដ្ឋមន្ត្រីមហាផ្ទៃបារាំងរូបនេះ បានសរសេរនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅនេះថា៖ «វាគឺជារឿងខុសឆ្គងដែលស្ត្រីត្រូវបានស្ដីបន្ទោសជុំវិញការស្លៀកពាក់របស់ពួកគេ»។ លោករដ្ឋមន្ត្រី Gerald Darmanin សង្កត់ធ្ងន់ទៀតថា សេរីភាពគឺជារឿងដ៏សំខាន់ណាស់ ហើយលោកចង់ឲ្យមន្ត្រីប៉ូលីសហ៊ានសារភាពកំហុសពួកគេ។
សូមជម្រាបថា កាលពីសប្តាហ៍មុន ប៉ូលីសបារាំងដែលបានដើរល្បាតលើឆ្នេរសមុទ្រមួយក្នុងទីក្រុង Sainte-Marie-la-Mer បានស្នើសុំឲ្យស្ត្រីដេកអាំងថ្ងៃដោយចំហល្វែងលើមួយក្រុម ជួយបិទបាំងរាងកាយពួកគេ ក្រោយប៉ូលីសទទួលបានការត្អូញត្អែរពីគ្រួសារមួយ។ ទង្វើរបស់ប៉ូលីសក្នុងទីក្រុងនេះ ក៏បានទទួលរងការរិះគន់យ៉ាងចាស់ដៃ លើបណ្ដាញសង្គមនៅបារាំង។
ចំណែកអ្នកលេងអ៉ីនធើណេតម្នាក់ បានចោទជាសំណួរថា៖«តើក្រុង Sainte-Marie-La-Mer ក្លាយជាប្រទេសអារ៉ាប៊ីសាអូឌីតហើយមែនទេនៅពេលនេះ?» ។ បើមែនទែនទៅ ការដោះអាវដេកអាំងថ្ងៃលើឆ្នេរសមុទ្រក្នុងប្រទេស បារាំង ពុំត្រូវចាត់ទុកតាមច្បាប់ថា ការបង្ហាញរូបភាពអាសអាភាសនោះឡើយ។ ក៏ប៉ុន្តែការអនុវត្តបែបនេះ លែងសូវពេញនិយម ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ។
ដោយឡែបើតាមទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញការស្ទង់មតិថា៖ ស្ត្រីវ័យក្មេងបារាំង ចាប់ផ្ដើមព្រួយបារម្ភអំពីការបៀតបៀនផ្លូវភេទ និងមានអារម្មណ៍ខ្មាសអៀនចំពោះរាងកាយខ្លួន នៅពេលដោះអាវដេកអាំងថ្ងៃលើឆ្នេរសមុទ្រ។
បើតាមការស្ទង់មតិមួយកាលពីថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវ IFOP របស់បារាំងថា បច្ចុប្បន្ន តិចជាង២០ភាគរយនៃស្ត្រីបារាំង ដែលមានអាយុក្រោម ៥០ឆ្នាំ ដេកអាំងថ្ងៃដោយចំហល្វែងលើ បើធៀបនឹង ២៨ភាគរយកាលពី១០ឆ្នាំមុន និង៤៣ភាគរយក្នុងឆ្នាំ១៩៨៤៕ដោយ៖សតារា