រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ចេញ​មុខការ​ពារ​សិទ្ធិសេរីភាព​ក្នុងការ​ស្លៀកពាក់​របស់​ស្ត្រី​បារាំង

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ពីមានការផ្ទុះ​ការរិះគន់​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​វិធានការ​របស់​ប៉ូលីស​លើ​ស្ត្រី​មួយក្រុម​ដែល​ដេក​អាំង​ថ្ងៃ​ដោយ​ចំហ​ល្វែងលើ​នៅ​ឆ្នេរសមុទ្រ​មួយ​ភាគខាងត្បូង​នៃ​ប្រទេសបារាំង ។ លោករដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង Gerald Darmanin បានចេញ​មុខការ​ពារ​សិទ្ធិសេរីភាព​ក្នុងការ​ស្លៀកពាក់​របស់​ស្ត្រី​បារាំង ដោយលោក​ចាត់ទុក​ការស្ដីបន្ទោស​លើ​ការ​ស្លៀកពាក់​របស់​ពួកគេ​ជា​រឿង​ខុសឆ្គង​។

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំងរូបនេះ បានសរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាលពីថ្ងៃទី​២៥ ខែសីហាកន្លងទៅនេះថា៖ «​វា​គឺជា​រឿង​ខុសឆ្គង​ដែល​ស្ត្រី​ត្រូវបាន​ស្ដីបន្ទោស​ជុំវិញ​ការ​ស្លៀកពាក់​របស់​ពួកគេ​»​។ លោក​រដ្ឋមន្ត្រី Gerald Darmanin សង្កត់ធ្ងន់​ទៀតថា សេរីភាព​គឺជា​រឿង​ដ៏​សំខាន់​ណាស់ ហើយ​លោក​ចង់​ឲ្យ​មន្ត្រីប៉ូលីស​ហ៊ាន​សារភាព​កំហុស​ពួកគេ​។

​សូមជម្រាបថា កាលពី​សប្តាហ៍​មុន ប៉ូលីស​បារាំង​ដែល​បាន​ដើរល្បាត​លើ​ឆ្នេរសមុទ្រ​មួយ​ក្នុង​ទីក្រុង Sainte-Marie-la-Mer បានស្នើ​សុំ​ឲ្យ​ស្ត្រី​ដេក​អាំង​ថ្ងៃ​ដោយ​ចំហ​ល្វែងលើ​មួយក្រុម ជួយ​បិទបាំង​រាងកាយ​ពួកគេ ក្រោយ​ប៉ូលីស​ទទួល​បានការ​ត្អូញត្អែរ​ពី​គ្រួសារ​មួយ​។ ទង្វើ​របស់​ប៉ូលីស​ក្នុង​ទីក្រុង​នេះ ក៏បានទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ លើ​បណ្ដាញ​សង្គម​នៅ​បារាំង​។

ចំណែកអ្នកលេង​អ៉ីនធើណេត​ម្នាក់ បានចោទ​ជា​សំណួរ​ថា​៖«​តើ​ក្រុង Sainte-Marie-La-Mer ក្លាយជា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ហើយ​មែន​ទេ​នៅពេលនេះ​?» ។ បើមែនទែនទៅ ការ​ដោះអាវ​ដេក​អាំង​ថ្ងៃ​លើ​ឆ្នេរសមុទ្រ​ក្នុងប្រទេស បារាំង ពុំ​ត្រូវ​ចាត់ទុក​តាមច្បាប់​ថា ការបង្ហាញ​រូបភាព​អាសអាភាស​នោះឡើយ​។ ក៏ប៉ុន្តែ​ការអនុវត្ត​បែបនេះ លែង​សូវ​ពេញនិយម ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​។

​ដោយឡែបើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានបង្ហាញការស្ទង់មតិថា៖ ស្ត្រី​វ័យក្មេង​បារាំង ចាប់ផ្ដើម​ព្រួយបារម្ភ​អំពី​ការ​បៀតបៀន​ផ្លូវភេទ និង​មាន​អារម្មណ៍​ខ្មាសអៀន​ចំពោះ​រាងកាយ​ខ្លួន នៅពេល​ដោះអាវ​ដេក​អាំង​ថ្ងៃ​លើ​ឆ្នេរសមុទ្រ​។

​បើតាម​ការស្ទង់មតិ​មួយ​កាលពី​ថ្មីៗ​នេះ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ IFOP របស់​បារាំងថា បច្ចុប្បន្ន តិចជាង​២០​ភាគរយ​នៃ​ស្ត្រី​បារាំង ដែលមាន​អាយុ​ក្រោម ៥០​ឆ្នាំ ដេក​អាំង​ថ្ងៃ​ដោយ​ចំហ​ល្វែងលើ  បើ​ធៀប​នឹង ២៨​ភាគរយ​កាលពី​១០​ឆ្នាំមុន និង​៤៣​ភាគរយ​ក្នុង​ឆ្នាំ​១៩៨៤​​៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print