អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ក្រោយពីបណ្ដាញសង្គម Facebook ដែលត្រូវបានរដ្ឋាភិបាលថៃ ចាប់បង្ខំឲ្យបិទគ្រុបមួយដែលមានសមាជិកមួយលាននាក់ ក្នុងការចែកចាយព័ត៌មានពីមហាក្សត្រ គំរាមតបតតាមផ្លូវច្បាប់លើរដ្ឋាភិបាលថៃវិញពាក់ព័ន្ធការបង្ខំខ្លួនបែបនេះ។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា លោក ប្រាយុទ្ធ បានទទូចឲ្យក្រុមហ៊ុន Facebook គោរពច្បាប់ប្រទេសថៃហើយលោកក៏មិនបារម្ភឡើយចំពោះការគំរាមប្តឹងពីក្រុមហ៊ុនមកលើរដ្ឋាភិបាលរបស់លោក។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ Facebook បានរាំងខ្ទប់មិនឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសថៃ អាចចូលទៅមើលគ្រុប(Group) មួយដែលសមាជិក១លាននាក់។ វិធានការរបស់ Facebook នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ គំរាមចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដែលមិនលុបចោលមាតិកាដែលប៉ះពាល់មហាក្សត្រ។ ប៉ុន្តែ Facebook អះអាងថា ខ្លួននឹងតទល់តាមផ្លូវច្បាប់ ដើម្បីការពារអ្នកប្រើប្រាស់របស់ខ្លួន។
ដោយឡែកចំពោះការលើកឡើងរបស់ក្រុមហ៊ុន Facebook លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏អះអាងថាលោក មិនព្រឺនោះឡើយ។ជាក់ស្តែងលោក ប្រាយុទ្ធ បាននិយាយពីខេត្ត Rayongថា៖ ភាគីទាំងអស់ត្រូវគោរពច្បាប់ថៃ។ ការលើកឡើងបែបនេះ លោក ប្រាយុទ្ធ មិនត្រឹមសំដៅហ្វេសប៊ុកឡើយតែមួយឡើយ តែក៏សំដៅគ្រុប Royalist Marketplace ដែលគ្រប់គ្រងដោយលោកPavin Chachavalpongpun និងគ្រុបមួយទៀតរបស់លោក Somsak Jeamteerasakul ។ អ្នកទាំងពីរសុទ្ធតែភៀសខ្លួននៅបរទេស ខណៈគ្រុបរបស់ពួកគេមានមាតិកាប៉ះពាល់របបរាជានិយម។
បើតាមកាសែតថៃបាងកកប៉ុស្តិ៍ បានចេញផ្សាយថា លោក Somsak ជាសាស្ត្រាចារ្យកំពុងនិរទេសខ្លួននៅបារាំង ចំណែកឯលោក Pavin ជាសាស្ត្រាចា្យនៅសាកលវិទ្យាល័យមួយនៅប្រទេសជប៉ុន។ ដោយបុគ្គលទាំង២ រូបនេះ បានបំពានច្បាប់ប្រមាថព្រះមហាក្សត្រ ដែលដោយរដ្ឋាភិបាលថៃកំពុងតាមចាប់។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីថៃ បានអះអាងនៅថ្ងៃទី២៥ ខែសីហា ថា រាល់សកម្មភាពប្រឆាំងទំព័រ Facebook ណាមួយដែលមានលក្ខណៈប្រមាថស្ដេច សុទ្ធសឹងតែស្របតាមច្បាប់។ លោកបន្ថែមថា លោកមិនបានប្រើប្រាស់អំណាចផ្តាច់ការឡើយ ព្រោះសកម្មភាពទាំងនោះផ្អែកតាមសេចក្តីបង្គាប់របស់តុលាការទាំងអស់។ ជាមួយគ្នានោះដែរលោក ប្រាយុទ្ធ ក៏ចោទជាសំណួរផងដែរថា ៖«តើអ្នកណាទទួលខុសត្រូវចំពោះផលប៉ះពាល់ក្នុងប្រទេស? បើទោះបីជាមានអ្វីកើតឡើងនៅក្នុងប្រទេសថៃ ពួកគេនឹងមិនប៉ះពាល់អ្វីដែរ។ បញ្ហាគឺនៅក្នុងប្រទេសថៃ។»
សូមជម្រាបថា លោក Pavin ជាសាស្ត្រាចា្យនៅសាកលវិទ្យាល័យមួយនៅប្រទេសជប៉ុន អះអាងថា៖ «បើអ្នកបិទវាម្តងទៀត ខ្ញុំនឹងបង្កើតគ្រុបថ្មីមួយទៀត ខ្ញុំនឹងធ្វើបែបនេះ ដើម្បីសេរីភាពនៃការបញ្ចេញមតិ»។ ការលើកឡើងបែបនេះ បន្ទាប់ពីលោក Pavin បានបង្កើតគ្រុបថ្មីប៉ុន្មានម៉ោងក្រោយត្រូវ Facebook បិទគ្រុបចោល និងមានសមាជិកកន្លះលាននាក់ត្រឹមមួយថ្ងៃ។
ចំណែកកាសែតបាងកកប៉ុស្តិ៍វិញ បាននិយាយថា លោក Paiboon Amonpinyokeat អ្នកជំនាញច្បាប់អ៊ីនធឺណិត និងដែលចូលរួមតែងច្បាប់បទល្មើសកុំព្យូទ័រ បានសង្កតធ្ងន់ថា Facebook មិនអាចប្តឹងរដ្ឋាភិបាលថៃឡើយ ដោយសារសេចក្តីបង្គាប់ឲ្យរាំងខ្ទប់មិនឲ្យចូលមើលគ្រុបនោះចេញដោយតុលាការ។ លោកបន្ថែមថា តុលាការជាអ្នកវិនិច្ឆ័យថា តើគេហទំព័រនោះ ចែកចាយមាតិកាខុសច្បាប់ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ៕ដោយ៖ស តារា