អន្តរជាតិ៖ យ៉ាងហោចណាស់ណាស់កងទ័ពអាមេរិកចំនួន ០៤នាក់បានរងរបួស ដោយសារតែរថពាសដែករបស់យោធារុស្ស៊ី បុកចំរថពាសដែកអាមេរិក នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក Politico កាលពីថ្ងៃពុធម្សិលមិញនេះ ។
បើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ យោងតាមសេចក្តីថ្លែងការណ៍ពីទីបញ្ជាការកណ្តាល នៃយោធាអាមេរិកប្រចាំតំបន់ខាងលើ ត្រូវបានបញ្ជាក់យ៉ាងដូច្នេះថា៖ នាយទាហានអាមេរិកទាំង ០៤នាក់ បានទទួលរងរបួសធ្ងន់គួរសម និងកំពុងទទួលការព្យាបាល ក្រោយពីរថពាសដែករបស់ពួកគេ ត្រូវបានរថពាសដែករុស្ស៊ីបើកប្រដេញ និងបុកដោយចេតនា ស្ថិតនៅខេត្តភាគខាងជើងប្រទេសស៊ីរី។
ដោយឡែកបើយោងតាមខ្សែវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter គេបានឃើញរថពាសដែកយោធាអាមេរិកនិងរថពាសដែករុស្ស៊ីជិះប្រដេញគ្នា ហើយព្យាយាមរារាំងផ្លូវគ្នាទៅវិញទៅមក ខណៈឧទ្ធម្ភាគចក្រយោធារុស្ស៊ី មួយគ្រឿង កំពុងហោះប្រដេញពីលើ ។ ប៉ុន្តែជុំវិញបញ្ហានេះដែរ មន្ទីរបញ្ចកោណអាមេរិក បានបដិសេធក្នុងនិយាយ ឬបញ្ជាក់ការពិតពាក់ព័ន្ធវីដេអូមួយនេះ។
សូមជម្រាបថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោក ម៉ាក មីល្លេយ (Mark Milley) ប្រធានសេនានុព័ន្ធយោធាអាមេរិកប្រចាំនៅក្នុងតំបន់ បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់សមភាគីរុស្ស៊ីលោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ ( Valery Gerasimov) ហើយភាគីទាំងពីរបានឈានដល់ការសន្យា រក្សាឲ្យបាននូវកិច្ចសន្ទនាជាសម្ងាត់ផងដែរ ៕ដោយ៖ស តារា