ខេត្តកំពង់ឆ្នាំង៖ តាមប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមួយចំនួនដែលស្នើសុំមិនអោយបញ្ចេញឈ្មោះបានអោយដឹងថា ពួកគាត់មិនសប្បាយចិត្ត ចំពោះការដូរទីតាំងស្នងការដ្ឋានថ្មីនោះទេ ព្រោះទីកន្លែងនេះជាកន្លែងធ្វើការដែលមានទំហំដីធំ ហើយនៅចំទីប្រជុំជនដែលអាចជួយការពារសន្តិសុខ សណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋបានល្អ ហើយងាយស្រួលនិងប្រជាពលរដ្ឋទំនាក់ទំនងផ្សេងៗ ។
ប្រភពបានអោយដឹងថា ការដោះដូរទីតាំងស្នងការដ្ឋានថ្មីនេះ វាគ្រាន់តែធ្វើអោយចំណេញដល់ឈ្មួញឬក្រុមហ៊ុន ដែលជាអ្នករកស៊ីជួញដូរនៃការដោះដូរទីតាំងថ្មីប៉ុណ្ណោះ ដែលការដោះដូរនាពេលនេះគឺជាការលក់ទីតាំងស្នងការដ្ឋានចាស់នេះតែម្តង ។ ទីតាំងស្នងការដ្ឋានបច្ចុប្បន្ននេះកន្លងមកពុំដែលមានស្នងការណាមួយ នឹកឃើញពីការដោះដូរទីតាំងនេះទេ ហើយស្រាប់តែដល់ជំនាន់លោកអាត់ ខែម ដែលកាន់ជាស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានលេចឮថា មានក្រុមហ៊ុនឯកជន បានរៀបចំឯកសារធ្វើការដោះដូរទីតាំងនេះ ដែលមានតម្លៃរាប់លានដូល្លា ។
ប្រភពបានអោយដឹងទៀតថា ក្នុងចំណោមដីប្រមាណជាង១ម៉ឺនម៉ែត្រក្រឡា ដែលក្នុងអំឡុងលោកអាត់ ខែម ជាស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានលោកស្នងការអាត់ខែម កាត់ទុកមួយជ្រុង ហើយបានសង់ផ្ទះនៅក្បែរនោះ សម្រាប់ស្នាក់នៅរបស់លោក ស្នងការ ហើយត្រូវបានប្រភពបានអោយដឹងថា នឹងរត់ការបំបែកជាប្លង់កម្មសិទ្ធរបស់លោក អាត់ខែមទៀតផង ។
ហើយក្រោយពីមានការរត់ប្តូរទីតាំងស្នងការដ្ឋានថ្មីនេះ មានអនុក្រឹត្យមួយបានសម្រេចជាផ្លូវការអោយមានការដោះដូរទីតាំងថ្មីនេះ ទើបនៅដើមឆ្នាំ២០១៦នេះក្រុមហ៊ុនឯកជនមួយបានមករៀបចំមើលទីតាំងថ្មីដែលនឹងត្រូវសង់អគារស្នងការដ្ឋានថ្មី ក្បែរដីអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។ ហើយក្រុមហ៊ុនដែលទទួលបន្ទុកធ្វើការសាងសង់ថ្មីនោះជាកូនរបស់លោកអាត់ ខែម ដែលជាអតីតស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង បច្ចុប្បន្នជាស្នងការនគបាលខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធនិងករណីនេះលោកប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់នៅព្រឹកថ្ងៃទី៥ កុម្ភៈនេះបានប្រាប់ថា លោកពុំបានដឹងរៀតនេះទេព្រោះរឿងនេះកើតឡើងតាំងពីជំនាន់លោកអាត់ ខែមជាស្នងការមកម្លេះ ហើយបើចង់ដឹងច្បាស់គឺសួរលោកឡុច វណ្ណរ៉ា ។
លោកអាត់ ខែម ដែលជាអតីតស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទនាព្រឹកមិញនេះថា (ថ្ងៃទី៥ កុម្ភៈ ២០១៦) ការដោះដូរនេះពិតជាមានមែន ព្រោះពេលនោះមានក្រុមហ៊ុនឯកជនមួយ រត់ការធ្វើកិច្ចការនេះ ។ ប៉ុន្តែលោកបានបានបដិសេធន៍ធថា ចំពោះក្រុមហ៊ុនធ្វើការដោះដូរនោះមិនមែនលោកនោះទេ ។ តែលោកបានទទួលស្គាល់ថា កូនលោកពិតជាបានទទួលរាប់រងក្នុងសាងសង់អាគាស្នងការដ្ឋានថ្មីពិតប្រាកដមែន ដោយដេញថ្លៃបានពីក្រុមហ៊ុនដែលវិនិយោគលើដីស្នងការដ្ឋាននេះ ។
ពាក់ព័ន្ធការចោទប្រកាន់ថា ជំនាន់លោកជាស្នងការខេត្តកំពង់ឆ្នាំង ហើយកាត់ដីមួយប្លង់ធ្វើជាកម្មសិទ្ធនោះវាគ្រាន់តែជាពាកចចាមអារាមនោះទេ ព្រោះគាត់ត្រឡប់ទៅស្រុកកំណើតវិញសូម្បីតែក្បឿងមួយសន្លឹកមិនបានយកទៅផង ហើយបច្ចុប្បន្នផ្ទះស្នាក់នៅក្នុងស្នងការដ្ឋានដែលសាងសង់ជំនាន់លោកនោះនៅដដែល ហើយលោកស្នងការរងប៉ុលវុទ្ធី ជាអ្នកនៅបន្ត ។
មន្ត្រីនគរបាលមួយចំនួនធំបានសំណូមពរអោយសម្តេចនាយករដ្ឋមន្ត្រីមេត្តាជួយ អន្តរាគមន៍កុំអោយមានការដោះដូរទីតាំងស្នងការដ្ឋាននេះធ្វើអ្វី ដើម្បីទុកជាសម្បត្តិរដ្ឋមួយ និងជាកន្លែងធ្វើការរបស់មន្ត្រីនគរបាល ។ ការដោះដូរនេះវាគ្រាន់តែជាឡេះមួយតែប៉ុណ្ណោះ ហើយអ្នកដែលចំណេញគឺជាឈ្មួញដែលជាអ្នករត់ការតែប៉ុណ្ណោះ ៕
ដោយ៖ ចន្ថា