អន្តរជាតិ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះថា៖បច្ចុប្បន្នក្រុម hackers (ក្រុមវាយប្រហារតាមប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចប្រាក់ចេញពីទូ ATM នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ពេលនេះត្រូវរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកព្រមាន នឹងចាត់វិធានការតាមច្បាប់ ។ ប៉ុន្តែពាក់ព័ន្ធករណីនេះប្រទេសកូរ៉េខាងជើង មិនទាន់បញ្ចេញប្រតិកម្ម ណាមួយចំនួនការចោទប្រកាន់ របស់អាមេរិកខាងលើនេះឡើយ។
ជុំវិញបញ្ហានេះដែរ បើតាមអ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអ៉ីនធើណេត និងអ្នកវិភាគគោលនយោបាយការបរទេស ប្រតិបត្តិការវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីជួយជាថវិកាដល់រដ្ឋាភិបាលកូរ៉េខាងជើង ដែលកំពុងជាប់គាំងសេដ្ឋកិច្ចដោយសារតែការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច
គួរបញ្ជាក់ថា ការព្រមានរបស់សហរដ្ឋអាមេរិក ក៏បានអះអាងថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ កូរ៉េខាងជើងបានចាប់ផ្ដើមកំណត់គោលដៅលើធនាគារ នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីព្យាយាមបង្វិលប្រាក់ និងលួចប្រាក់ចេញពីទូ ATM ៕ដោយ៖ស តារា