រដ្ឋាភិបាលអាមេរិកព្រមាន៖ ក្រុម hackers កូរ៉េខាងជើងកំពុងវាយប្រហារព័ត៌មានវិទ្យា និងលួចប្រាក់ពីទូ ATM ទូទាំងពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះថា៖បច្ចុប្បន្នក្រុម hackers (ក្រុមវាយប្រហារតាមប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចប្រាក់ចេញពីទូ ATM នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ពេលនេះត្រូវរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកព្រមាន នឹងចាត់វិធានការតាមច្បាប់ ប៉ុន្តែពាក់ព័ន្ធករណីនេះប្រទេសកូរ៉េខាងជើង មិនទាន់បញ្ចេញប្រតិកម្ម ណាមួយចំនួនការចោទប្រកាន់ របស់អាមេរិកខាងលើនេះឡើយ។

ជុំវិញបញ្ហានេះដែរ បើតាមអ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអ៉ីនធើណេត និងអ្នកវិភាគគោលនយោបាយការបរទេស ប្រតិបត្តិការវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីជួយជាថវិកាដល់រដ្ឋាភិបាលកូរ៉េខាងជើង ដែលកំពុងជាប់គាំងសេដ្ឋកិច្ចដោយសារតែការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច

គួរបញ្ជាក់ថា ការព្រមានរបស់សហរដ្ឋអាមេរិក ក៏បានអះអាងថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ កូរ៉េខាងជើងបានចាប់ផ្ដើមកំណត់គោលដៅលើធនាគារ នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីព្យាយាមបង្វិលប្រាក់ និងលួចប្រាក់ចេញពីទូ ATM ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print