មន្រ្តីជាន់ខ្ពស់ហ្វីលីពីន អះអាងថា៖ បើ​ចិន​វាយប្រហារ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ​ខ្លួននឹង​ហៅ​អាមេរិកឲ្យ​ជួយ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​អះអាងថា វត្តមាន​យោធា​អាមេរិក​ក្នុង​តំបន់​អាស៊ី​គឺជា​ប្រយោជន៍សម្រាប់ប្រទេស​ហ្វីលីពីន​។ ដោយលោក​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីនរូបនេះ សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ទីក្រុង​ម៉ានីល នឹង​ប្រើ​កិច្ចព្រមព្រៀង​ការពារ​រ​បស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​អូស​មហាអំណាច​មួយ​នេះ​មកជួយ​ខ្លួន ប្រសិនបើ​ចិន​វាយប្រហារ​លើ​នាវាចម្បាំង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​លោករដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin បាននិយាយនៅក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ កាលពីថ្ងៃទី​២៦ខែសីហាថា៖ ទីក្រុង ម៉ានីល នឹង​បន្តធ្វើ​ប្រតិបត្តិ​ការហោះ​ល្បាត​លើ​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​ទីក្រុង​ប៉េកាំង​ស្នើ​ឲ្យ​បញ្ឈប់ ហើយ​បានចាត់ទុក​ទង្វើ​របស់​ហ្វីលីពីន​ថា ការ​បង្ករឿង​ខុសច្បាប់​។

បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post ដែលដកស្រង់សម្តីលោក Locsin និយាយថា «​ពួកគេ [​ចិន​] អាច​ហៅ​វា [​សកម្មភាព​ហ្វីលីពីន​] ថា​ការ​បង្ករឿង​ខុសច្បាប់​។ អ្នក​មិនអាច​ផ្លាស់ប្ដូរ​ការគិត​ពួកគេ​បានឡើយ​»​។ លោក Locsin គូសបញ្ជាក់ថា តែបើ​សិន​ផ្ទុះ​ការវាយប្រហារ​ទៅលើ​នាវា​របស់​កងទ័ពជើងទឹក​ហ្វីលីពីន​នោះ លោក​នឹង​ហៅ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​មកជួយ​។

​គួរជម្រាបថា ចាប់តាំងពី​ឆ្នាំ ១៩៥១​មក សហរដ្ឋអាមេរិក និង​ហ្វីលីពីន មាន​សន្ធិសញ្ញា​យោធា (Mutual Defence Treaty) ដែល​ប្តេជ្ញា​ជួយ​គ្នា​ក្នុងករណី​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​។ នេះ​ជា​លើកដំបូង​ដែល​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាស​ជា​ចំហ​ថា ខ្លួន​នឹង​ហៅ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ជួយ​ក្នុង​ជម្លោះ​ដែនទឹក​ជាមួយ​ចិន ដែល​កំពុង​តានតឹង​។

​ជាមួយគ្នានោះដែរលោករដ្ឋមន្រ្តីការទូត​ហ្វីលីពីន​រូបនេះ បានបញ្ជាក់ថា​៖«​យើង​ត្រូវការ​វត្តមាន​អាមេរិក​ក្នុង​តំបន់​អាស៊ី​»​។ ត្រង់ចំណុច​នេះលោក Locsin ពន្យល់ថា ផលប្រយោជន៍​ហ្វីលីពីន គឺ​ចង់​ឲ្យ​សហរដ្ឋអាមេរិករ​ក្សាវ​ត្ត​មាន​យោធា​របស់ខ្លួន​ក្នុង​តំបន់ ហើយ​ជំហរ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​គឺ​មិន​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​របស់ខ្លួន​មួយ​នេះឡើយ​។

​គួររម្លឹកផងដែរថា ហ្វីលីពីន បាន​តវ៉ា​ផ្នែក​ការទូត​ជាច្រើនលើក​ប្រឆាំង​សកម្មភាព​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែការប៉ះទង្គិច​គ្នា​ចុងក្រោយគឺ​កើតឡើង​កាលពី​សប្តាហ៍​មុន នៅពេល​ចិន​ក្រសួងការបរទេស​ចិន​ បាន​អះអាងថា ចិន​បាន​រឹបអូស​សម្ភារ​នេសាទ​របស់​ប្រជាជន​ហ្វីលីពីន​ ដោយ​ខុសច្បាប់​នៅក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​Scarborough ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

​បច្ចុប្បន្ន ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ជម្លោះ​ចំនួន​៥ គឺ ចិន វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី និង​ហ្វីលីពីន​។ ឥណ្ឌូណេស៊ី មិនមែនជា​ភាគី​ជម្លោះ​ដែនដី​ឡើយ តែ​មិនត្រូវ​គ្នា​ជាមួយ​ចិន​ដែល​ទាមទារ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន​ដែរ​។ ដោយ​ផ្អែកលើ​យុត្តាធិការ​ប្រវត្តិសាស្ត្រ ចិន​ទាមទារ​ជាង​៨០​ភាគរយ​នៃ​សមុទ្រ​នេះ​។

​គួរបញ្ជាក់ថា សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​សម្បូរ​ដ៏​ធនធានធម្មជាតិ​និង​ផ្លូវទឹក​ពាណិជ្ជកម្ម​ដ៏​មមាញឹក គឺជា​អាទិភាព​យុទ្ធសាស្ត្រ​គោល​មួយ​សម្រាប់​ចិន​។ តាំងពី​ដើមឆ្នាំ​២០១៥​មក ចិន​បាន​សាងសង់​កោះ សិប្បនិម្មិត​ចំនួន​៧​ក្នុង​ប្រជុំ​កោះ Spratly និង​ធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​ដែល​ផ្ដោត​សំខាន់​លើ​ការពង្រឹង​វត្តមាន​ខ្លួន​ក្នុង​តំបន់​ជម្លោះ​នេះ​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print