ទីបំផុត! លោក អាបេ ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុត! លោក ស៊ិនហ្សូ អាបេ ដែលជាអ្នកនយោបាយកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរជាងគេនៅប្រទេសជប៉ុន ពេលនេះបានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ ក្រោមហេតុផលសុខភាព នៅថ្ងៃទី២៨ ខែសីហានេះ។

លោក ស៊ិនហ្សូ អាបេ បាននិយាយថា ១៣ឆ្នាំមុន បញ្ហាក្រពះរបស់លោក បានបង្ខំឲ្យលោកលាលែងពីតំណែងរបស់ខ្លួន កាលពីនោះលោកកំពុងកាន់តំណែងនាយករដ្ឋមន្ត្រីបានត្រឹមមួយឆ្នាំប៉ុណ្ណោះ គឺពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ ហើយមូលហេតុ គឺជំងឺក្រពះរបស់លោកមិនទាន់ថ្នាំព្យាបាលនៅឡើយ

សូមជម្រាបថា ឆ្នាំក្រោយគឺនៅឆ្នាំ២០១២ លោក អាបេដែលជាកូនប្រុសរដ្ឋមន្ត្រីការបរទេស និងជាចៅប្រុសនាយករដ្ឋមន្ត្រីផងនោះ ក៏ក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀត លោក បញ្ជាក់ថា ឆ្នាំមកនេះ លោកអាចគ្រប់គ្រងជំងឺក្រពះរបស់លោកបាន តែមកដល់ខែមិថុនា ជំងឺចាស់ក៏ចាប់ផ្ដើមចេញសញ្ញាឡើងវិញ ហើយការពិនិត្យសុខភាពក្នុងខែសីហា ក៏បង្ហាញកាន់តែច្បាស់ពីស្ថានភាពមិនល្អរបស់លោក ទីបំផុតលោកក៏សម្រេចចិត្តលាលែងពីតំណែងជាលើកទីពីរ

ដោយឡែកសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីវិញ បក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានបក្សជំនួសលោក អាបេ ប្រធានបក្សថ្មី នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅសភា ហើយគេរំពឹងថា នឹងជាប់ឆ្នោតដោយស្រួលព្រោះបក្ស LDP មានសំឡេងគ្រប់គ្រាន់ ប្រធានបក្សថ្មី នឹងកាន់តំណែងដល់ខែកញ្ញា ឆ្នាំ២០២១ ដែលជាពេលចប់អាណត្តិប្រធានបក្សរបស់លោក អាបេ តែម្ដង

ក្រោយពីលោក អាបេ ប្រកាសលាលែងភ្លាមនោះ គេឃើញមានបេក្ខជនជាច្រើនលេចមុខ ក្រោយផ្ទុះព័ត៌មាននោះ ក្នុងនោះរួមមាន៖ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ តារ៉ូ អាសូ​, ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី Yoshihide Suga, រដ្ឋមន្ត្រីការបរទេស Motegi Toshimitsu, រដ្ឋមន្ត្រីការពារជាតិ តារ៉ូ កូណូ និងរដ្ឋមន្ត្រីបរិស្ថាន Shinjiro Koizumi សុទ្ធសឹងជាបេក្ខភាពដែលអាចបន្តតំណែងពីលោក អាបេ អគ្គលេខាធិការបក្ស LDP លោក Shigeru Ishiba ក៏ជាបេក្ខជនមានភាគរយច្រើនដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print