រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ ពិភាក្សា​លទ្ធភាព​ទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ពី​រុស្ស៊ី

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ការអភិវឌ្ឍ​វ៉ាក់សាំងរបស់​រុស្ស៊ី​ ទ​ទួល​ជោគជ័យ រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ និង​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ឡាវ បាន​ពិភាក្សា​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ដែល​រុស្ស៊ី​ផលិត​ឈ្មោះថា «Sputnik V» ឲ្យ​ដល់​ប្រទេស​ឡាវ​។

​បើតាម​ប្រភព​ព័ត៍មានពី​ស្ថានទូត​រុស្ស៊ី ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន Vientiane Times កាលពី​ថ្ងៃទី ២៦ ខែសីហា​ថ្មីៗនេះថា លោក​អគ្គរដ្ឋទូត​រុស្ស៊ី Vladimir A. Kalinin បាន​ទៅ​ជួប​លោក​រដ្ឋមន្ត្រី​ឡាវ Bounkong Syhavong ដោយផ្ទាល់ កាលពី​សប្តាហ៍​មុន ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ​។

​បន្ថែម​ពី​រឿងនេះ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​នា​ថ្ងៃ​អនាគត​ដើម្បី​ពង្រឹងសមត្ថភាព​និង​ជំនាញ​របស់​បុគ្គលិក​សុខាភិបាល​ឡាវ ព្រមទាំង​បំពាក់​សម្ភារ​ពេទ្យ​ទំនើបៗ​ដល់​បណ្ដា​មន្ទីរពេទ្យ​រដ្ឋ​ខ្លួន​ផងដែរ​។ ប៉ុន្តែយ៉ាងណាមិញ លទ្ធផល​នៃ​កិច្ចសន្ទនា​យ៉ាងណា​នោះ ពុំទាន់​ត្រូវបាន​បង្ហើប​នៅឡើយ​ទេ​។

​សូមជម្រាបថា រុស្ស៊ី​បានប្រកាស​ពី​វ៉ាក់សាំង​ប្រឆាំង COVID-19 របស់ខ្លួន កាលពីដើម​ខែសីហា​នេះ ហើយ​ក៏បាន​ចុះបញ្ជី​វ៉ាក់សាំង​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១១ ខែសីហា ផងដែរ​។  តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ថ្ងៃទី​២៥ ខែសីហា ក្រសួងសុខាភិបាល​រុស្ស៊ី បាន​អះអាងថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​រុស្ស៊ី​មួយ ទទួលបាន​ការអនុញ្ញាត​ដើម្បី​រៀបចំ​ការពិសោធន៍​នៃ​វ៉ាក់សាំង COVID-19 នេះ​។

​ការសាកល្បង​វ៉ាក់សាំង​នេះ នឹងត្រូវ​រៀបចំឡើង​ក្នុង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​រដ្ឋ​មួយចំនួន​ក្នុង​ទីក្រុង មូ​ស្គូ ។ អ្នកស្ម័គ្រចិត្ត​ប្រមាណ ៤​ម៉ឺន​នាក់ដែលមាន​អាយុ ១៨​ឆ្នាំ ឡើងទៅ នឹងចូលរួម​ក្នុងការ​ពិសោធន៍​នេះ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​រុស្ស៊ី​ដដែល​។

​ក្រសួងសុខាភិបាល​រុស្ស៊ី បាន​អះអាងថា វ៉ាក់សាំង «Sputnik V» បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ចាំបាច់​ទាំងអស់ ហើយ​ត្រូវបាន​បញ្ជាក់ថា​មាន​សមត្ថភាព​កសាង​ប្រព័ន្ធ​សុំា​ប្រឆាំង COVID-19 ។ ហើយ​បច្ចុប្បន្ន​ប្រទេស​ជាង​២០ បានស្នើ​សុំ​ទិញ​វ៉ាក់សាំង​របស់​រុស្ស៊ី​។

​បើតាម​សារព័ត៌មាន Sputnik រុស្ស៊ី មាន​គម្រោង​ផលិត​វ៉ាក់សាំង COVID-19 ចន្លោះ​ពី ១,៥–២​លាន​ដូ​ស ហើយ​រំពឹង​នឹង​ផលិត​ក្នុងប្រទេស​ចំនួន​៥ ដែល​នឹង​ជំរុញ​ផលិតកម្ម​រហូតដល់ ៥០០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print