មនុស្សជាង១០០នាក់បានបាត់ខ្លួន បន្ទាប់បីហេតុការណ៍បាក់អណ្តូងរ៉ែមួយកន្លែងស្ថិតនៅក្នុងប្រទេសអាហ្វ្រិកភាគខាងត្បូង ។
លោក Manzinni Zungu កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ អ្នកនាំពាក្យរបស់សមាគមកម្មករអណ្តូងរ៉ែ និងសហភាពសាងសង់(AMCU) បានថ្លែងថា អណ្តូងរ៉ែមួយកន្លែងស្ថិតនៅក្នុងខេត្ត Mpumalanga ភាគខាងកើតប្រទេសអាហ្វ្រិកខាងត្បូងបានបាក់ បណ្តាលឲ្យមនុស្សជាង១០០នាក់បាត់ខ្លួន រកមិនទាន់ឃើញ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ លោក Zungu បានបញ្ជាក់ថា កម្មករប្រមាណ១១៥នាក់បានជាប់គាំងនៅក្នុងអណ្តូរ៉ែក្រោមដី ។ ហេតុការណ៍បាក់អណ្តូងរ៉ែនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។
គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យបាក់អណ្តូងរ៉ែនោះឡើយ ។
ក្រុមជួយសង្គ្រោះបន្ទាន់របស់ប្រទេសនេះ បន្ទាប់ពីហេតុការណ៍បាក់អណ្តូងរ៉ែមិនយូរប៉ុន្មានបានប្រកាសថា ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះ៤៩នាក់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមជួយសង្គ្រោះបន្ទាន់អះអាងថា នៅពេលនេះ ក្រុមជួយសង្គ្រោះកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងកិច្ចការជួយសង្គ្រោះកម្មករដែលជាប់គាំងនៅក្រោមដីទាំងនោះ ៕
ប្រែសម្រួល៖ ថាច់យ៉ាត