សភារបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦បានអំពាវនាវឲ្យប្រទេសចិនដោះលែងជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្នកលក់សៀវភៅហុងកុង៥នាក់ដែលត្រូវចិនចាប់ឃុំខ្លួននាពេលកន្លងមកនោះ ។ ប៉ូលិសចិនកាលពីពេលថ្មីៗនេះបានប្រកាសជាសាធារណៈដ៏កម្រមួយថា អ្នកលក់សៀវភៅជនជាតិហុងកុង៣នាក់ ក្នុងចំណោម៥នាក់ដែលបាត់ខ្លួននោះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធករណីធ្វើសកម្មភាពខុសច្បាប់នៅក្នុងទឹកដីចិន ។
សេចក្តីថ្លែងការណ៍មួយច្បាប់របស់សភាសហគមន៍អឺរ៉ុប ហើយត្រូវប្រភពព័ត៌មានលើកមកចុះផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦បញ្ជាក់ថា សហភាពអឺរ៉ូបសូមអំពាវនាវឲ្យមានការដោះលែងប្រកបដោយសុវត្ថិភាពជាបន្ទាន់ចំពោះជនដែលត្រូវចាប់ខ្លួន ដោយសារតែការបញ្ចេញមតិ និងទាមទារសិទ្ធិសេរីភាពរបស់ពួកគេក្នុងការបញ្ចេញទស្សនៈនោះ ។
ការអំពាវនាវខាងលើនេះបានធ្វើឲ្យចិនខឹងសម្បារ ។ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងបទសង្ខេបព័ត៌មានថា កិច្ចការហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ចិន ។ ចិនប្រឆាំងចំពោះប្រទេសណាមួយដែលជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត