​ប៉េកាំង អះអាងថា៖ មីស៊ីលចិន ដែលបាញ់ទៅក្បែរប្រជុំកោះParacel គឺមិនបានបង្កអស្ថិរភាពក្នុងតំបន់ឡើយ ប៉ុន្តែអាមេរិកទេជាអ្នកបង្កឡើង

ចែករំលែក៖

អន្តរជាតិ៖កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ ទីក្រុងប៉េកាំង បានអះអាងថា ការបាញ់មីស៊ីលរបស់ចិន ទៅក្បែរប្រជុំកោះParacel ដែលចិនហៅថាកោះXishaនោះ គឺគ្រាន់តែជាសមយុទ្ធយោធាប៉ុណ្ណោះ និងមិនគំរាមដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អាមេរិកទៅវិញទេ ដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់នោះ។

បើតាមរយៈសន្និសីទសារព័ត៌មាន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ការបាញ់មីស៊ីលក្បែរប្រជុំកោះParacel គឺធ្វើឡើងដោយផ្អែកទៅលើសមយុទ្ធយោធាប៉ុណ្ណោះ។ «មីស៊ីលទាំងនោះ គឺមិនមានគោលដៅគំរាមប្រទេសណាមួយឡើយហើយរឹតតែគ្មានអ្វីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង» លោក Lijian បានលើកឡើងបែបនេះ ដោយបន្ថែមថា សកម្មភាពអាមេរិកទៅវិញទេ ដែលបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់នោះ។

សូមជម្រាបថា មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី២៧ ខែសីហា បានរាយការណ៍ថា ចិនបាញ់មីស៊ីលបាលីស្ទិកចំនួន ៤គ្រាប់ និងហៅសកម្មភាពរបស់ចិននេះថា បានបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ នៅថ្ងៃបន្ទាប់ ក្រសួងការបរទេសចិន បានឆ្លើយបកវិញថា ការលើកឡើងរបស់អាមេរិក គឺគ្មានមូលដ្ឋាន និងហេតុផលច្បាស់លាស់។

បើតាមក្រសួងការបរទេសចិន កន្លងមកអាមេរិក បានបញ្ជូននាវាចម្បាំង យន្តហោះចម្បាំងជាច្រើនគ្រឿង និងយន្តហោះស៊ើបការណ៍ជាដើមមកក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលនេះ គឺជាការញុះញង់ និងបំពានអធិបតេយ្យ និងសន្តិសុខរបស់ចិន។ ការណ៍នេះ ចិន បានទទូចឲ្យអាមេរិកឈប់បង្កបញ្ហា និងចូលរួមស្តារសន្តិភាពក្នុងតំបន់នេះល្អជាង។

គួរបញ្ជាក់ថា កន្លងមកប្រទេសវៀតណាម ក៏បានតវ៉ាជាមួយចិនដែរ ជុំវិញសមយុទ្ធយោធានេះ និងទាមទារឲ្យចិនបញ្ឈប់សកម្មភាពយោធាដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា នៅក្បែរប្រជុំកោះ Paracel ចំណែកអាមេរិកវិញ នៅតែបន្តអនុវត្តគោលការណ៍«សេរីភាពនៃនាវាចរណ៍» នៅក្នុងសមុទ្រចិនខាងត្បូង។

បច្ចុប្បន្ននេះ ជម្លោះសមុទ្រចិនខាងត្បូង គឺមានប្រទេសជម្លោះចំនួន៥ ក្នុងនោះមានដូចជា ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។តៃវ៉ាន់ មិនមែនជាប្រទេសទេ ប៉ុន្តែក៏ជាភាគីនៃជម្លោះដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print