សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា មានពលរដ្ឋកូរ៉េខាងត្បូង៤នាក់ស្លាប់ក្រោយពេលរថយន្តរបស់ពួកគាត់បុកពេញទំហឹងទៅលើរថពាសដែកយោធារបស់អាមេរិក កាលពីយប់ថ្ងៃទី៣០ ខែសីហានៅតំបន់Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។
ហេតុការណ៍ខាងលើកើតឡើងនៅផ្លូវល្បឿនលឿន ក្នុងតំបន់ Pocheon នាវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ខែសីហា ។ រថយន្តដែលបុកជាមួយរថពាសដែក គឺមានប្តីប្រពន្ធពីរគូជាពលរដ្ឋនៅក្នុងតំបន់។ ជនរងគ្រោះមានវ័យប្រហែល៥០ឆ្នាំបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនៅក្បែរនោះ។ ចំណែករថពាសដែកវិញក៏មានទាហានអាមេរិកម្នាក់រងរបួសស្រាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
យើងដឹងហើយថា រថយន្តធម្មតាទៅបុករថពាសដែក តើខាងណាខូចខាតហើយ។ រូបភាពបង្ហាញឲ្យឃើញថា រថយន្តខ្ទេចមុខ ក្រោយពីប៉ះទង្គិច ចំណែករថពាសដែកក៏ខូចច្រវាក់កងមួយចំហៀងផងដែរ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៣១ខែសីហា កម្លាំងទាហានអាមេរិកនៅកូរ៉េខាងត្បូង បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ។ ចំណែកការហ្វឹកហាត់យោធានៅតំបន់ខាងលើត្រូវបានផ្អាក។ ជាមួយគ្នានោះទាហានអាមេរិកនិឹងសហការជាមួយកម្លាំងប៉ូលិសកូរ៉េខាងត្បូង ស្រាវជ្រាវករណីគ្រោះថ្នាក់ខាងលើ៕
ដោយ៖ធី រីណា