ភ្នំពេញ៖ រថយន្ដស៊េរីទំនើបពីរគ្រឿង បុកគ្នាត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវសធារស់កែងផ្លូវទំនាក់ទំនងព្រឹទ្ធសភា ទល់មុខស្ថានទូតសូវៀត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានរថយន្ដម៉ាក PORSCHE ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2555. បើកចេញពីផ្លូវទំនាក់ទំនងព្រឹទ្ធសភាទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនហើយបានបត់ស្ដាំឡើងមកផ្លូវសុធារសមិនប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្ដ ម៉ាស្ដារ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2592 ដែលធ្វើដំណើរទិសដៅបញ្ច្រាស់ទិសគ្នា ហើយបុកទល់មុខគ្នាពេញទំហឹងបណ្ដាលអោយរថយន្ដទាំងពីរគ្រឿងរងការ ខូចខាត តែសំណាងមិនបណ្ដាលអោយមានអ្នករងរបួសនោះ។
ក្រោយពេលកើតហេតុពេលដែលអ្នកសារព័ត៌មានចុះទៅថតរូបភាពក្នុង ករណីនោះ បែរជាម្ចាស់រថយន្ដទាំងពីរគ្រឿងបានព្យាយាម បិតបាំងនិងបកស្លាកលេខរថយន្ដយកទៅលាក់ទុកក្នុងរថយន្ដបាត់។ ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដើម្បី វាស់វែង តែដោយសារភាគីទាំងសងខាងបានសុំ សម្របសម្រួលគ្នានិងមិនចង់ឲ្យរំខានដល់សមត្ថកិច្ច ទើបសមត្ថកិច្ចចាកចេញពីកន្លែងកើតហេតុដោយទុកអោយម្ចាស់រថយន្ដទាំង សងខាងហៅរថយន្ដស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯងតែម្ដង៕
ដោយ៖ ជីម ភារ៉ា ដង្កោ