ខេត្តពោធិ៍សាត់៖ បុរសវ័យ៤០ឆ្នាំម្នាក់ បានផ្ទុះអំពីហិង្សាក្នុងគ្រួសារ ដោយដុតផ្ទះឆេះម៉ត់ ខណៈបុរសរូបនេះមកពីចម្ការមិនឃើញប្រពន្ធនៅផ្ទះ ម្យ៉ាងទៀតបាយក៏មិនទាន់ដាំហូប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និ៤០នាទីថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចអំពួច ក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
អាជ្ញាធរប្រាប់ថា បុរសសង្ស័យឈ្មោះ សៀន ជ័យ អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះ ខិន សាមឿន អាយុ៣០ឆ្នាំ និងកូនប្រុសស្រីចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិ ឃុំកើតហេតុ ។
ប្រភពពីអាជ្ញាធរខាងលើបន្តថា ផ្ទះដែលត្រូវគេដុតបំផ្លាញនោះសង់អំពីឈើ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ ររៀបក្រាលក្ដារ មានទំហ៊ំ៣ម៉ែត្រ គុណនឹង៤ម៉ែត្រ ត្រូវឆេះទាំងស្រុង បណ្ដាលឲ្យខូចខាតរួមមានស្រូវចំនួន១០០០គីឡូក្រាម សម្ភារ:មួយចំនួនទៀត ព្រមទាំងឈើថ្មីបំរុងទុកធ្វើផ្ទះអស់មួយចំនួនដែរ ប៉ុន្តែពុំមានបណាលឲ្យនរណាម្នាក់រងរបួសនោះទេ ។
ប្រភពដដែលនោះអះអាងបន្តទៀតថា ការដែលបុរសរូបនេះបង្កអំពីហិង្សាដោយដុតផ្ទះខ្លួនចោលខាងលើ ខណៈនៅពេលព្រលប់ៗ មុនកើតហេតុបន្តិច គេឃើញគាត់(បុរសជាប្តី)បរទេះមកពីចម្ការ នៅគ្រាដែលគាត់មកដល់ផ្ទះ មិនឃើញប្រពន្ធនៅផ្ទះនោះទេ ហើយបាយសម្លរ ក៏មិនដឹងនៅឯណានោះដែរ ក៏ជេរបញ្ចោយ៉ាងចាស់ដៃ ។ ភ្លាមៗនោះបាន ធ្វើឲ្យគាត់ឈួលក្នុងចិត្ត ក្ដៅក្រហាយ ខណៈកំពុងហត់ហេវផង ម្យ៉ាងថែមទាំងស្រវឹងខ្លះៗផង ក៏ទាញដែកកេះពីហោប៉ៅអាវ កេះដុតឆេះម៉ត់តែម្ដង ។
ករណីនេះសមត្ថកិច្ចនគរបាលបាននាំបុរសបង្កមក ណែនាំអប់រំរួច ក៏ឲ្យទៅផ្ទះវិញខណៈមានការសម្របសម្រួលពីប្រពន្ធកូនផងនោះ៕
ដោយ៖ ប៉ឹម ពិន