ក្នុងរយៈពេល ២៤ម៉ោងកន្លងមក នេះរុស្ស៊ីមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៤.៧២៩នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសនេះ មានដល់ទៅ ១.០០០.០៤៨ នាក់ និងមានអ្នកស្លាប់ដល់ទៅ ១៧.២៩៩ នាក់។
បច្ចុប្បន្នរុស្ស៊ីគឺជាប្រទេសដែលមានករណីស្លាប់ច្រើនលំដាប់ទី៤លើពិភពលោក បន្ទាប់ពីអាមេរិក ប្រេស៊ីល និងឥណ្ឌា។ ប៉ុន្តែរស្ស៊ីនឹងអាចទប់ស្កាត់ស្ថានភាពបានល្អក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពេលចាក់វ៉ាក់សាំងការពារដល់ពលរដ្ឋគ្រប់រូប។ កាលពីខែសីហា រុស្ស៊ិបានប្រកាសអនុញ្ញាតឲ្យផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងបង្អស់លើពិភពលោក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោកMikhail Murashko បានប្រកាសថា ការចាក់វ៉ាក់សាំងទូទៅដល់ពលរដ្ឋនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២០នេះ។ បុគ្គលដែលត្រូវចាក់វ៉ាក់សាំងដំបូងបង្អស់គឺបុគ្គលិកសុខាភិបាល ប៉ុន្តែមិនមានការបង្ខិតបង្ខំឡើយ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលកូវីដ១៩នៅជុំវិញពិភពលោកមកទល់ពេលនេះមានអ្នកឆ្លងសរុបលើផែនដីកើនឡើងលើសពី ២៥.៦លាននាក់, ស្លាប់ជាង ៨៥.៥ម៉ឺននាក់, ជាសះស្បើយជិត ១៨លាននាក់៕