សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកមូហាម៉ាត់ សាឌីក សាន់ច្រានី (Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានស្ថាប័នសភាប្រទេសទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ នាពេលកន្លង និងបានសន្យាថា​ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងការទូតសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែម ទៀត​ ទំាងទ្វេភាគី និងពហុភាគី ដូចជាក្នុងក្របខណ្ឌ សហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) និង វេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើមនោះ។

លោក មូហាម៉ាត់ សាឌីក សាន់ច្រានី បានកោតសរសើរចំពោះសម្តេចប្រធាន ដែលមានបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿន និងជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភា នៃប្រទេសទាំងពីរ។

លោកបានស្នើសុំរដ្ឋសភាកម្ពុជា គំាទ្របេក្ខភាពសភាប៉ាគីស្ថាន ជាប្រធាន IPU ក្នុងអាណត្តិ ២០២០-២០២៣ និងជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់រដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា។​ សម្តេច នឹងជំរុញក្រុមសភាជាតិកម្ពុជា IPU ពិចារណា និងគាំទ្រចំពោះសំណើរបស់សភាប៉ាគីស្ថាននេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានគំាទ្រសភាប៉ាគីស្ថាន ជាសមាជិកសង្កេតការណ៍របស់អន្តរសភាអាស៊ាន (AIPA) ដែលរដ្ឋសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ​ នាដើមខែកញ្ញា ខាងមុខនេះ ផងដែរ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print