នៅព្រឹកថ្ងៃទី៣ ខែកញ្ញា កាំជ្រួចមីស៊ីល Vega របស់អឺរ៉ុបបានបញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ ។ មីស៊ីលនេះបានបាញ់ចេញពីទីតាំងនៅតំបន់Guiana ជាទឹកដីឯនាយសមុទ្ររបស់បារាំងស្ថិតនៅអាមេរិកខាងត្បូង។
ការបាញ់បញ្ជូនផ្កាយរណបខាងលើធ្វើឡើងក្រោយពន្យារពេលជាច្រើនលើកដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ក៏ដូចជាអាកាសធាតុមិនអំណោយផល។ មីស៊ីលVegaមានប្រវែង៣០ម៉ែត្រ អាចនាំផ្កាយរណបដល់ទៅ៥៣គ្រឿងធុនតូចដែលមានទម្ងន់ក្រោម១៥គីឡូក្រាមរបស់១៣ប្រទេសជុំវិញពិភពលោក។
គម្រោងអភិវឌ្ឍន៍មីស៊ីលVega ត្រូវចំណាយប្រាក់ដល់ទៅ៧៩០លានអឺរ៉ូ ដែលជាប្រភេទមីស៊ីលរុញ តូចបំផុតរបស់ក្រុមហ៊ុន Arianespace ត្រូវបានផលិតឡើងដើម្បីដណ្តើមយកទីផ្សារបាញ់បញ្ជូនផ្កាយរណបឡើងទៅកាន់ទីអវកាស។
មីស៊ីល Vega សមស្របក្នុងការបំពេញបេសកម្មស្រាវជ្រាវ វិទ្យាសាស្ត្រ និងតាមដានផែនដី។ មីស៊ីលនេះបានបាញ់បង្ហោះដំបូងគេបង្អស់នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១២។ តាំងពីពេលនោះមកជារៀងរាល់ឆ្នាំមានមីស៊ីល៣-៤គ្រឿង ប្រភេទនេះបាញ់ឡើងទៅលើអាកាស៕