ខេត្តសៀមរាប ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន បានសម្លឹងមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៅលើទឹកដីខេត្តសៀមរាប។ ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុន ទិត ហ៊ុន ក្នុងការបើកតំណាងចែកចាយផ្លូវការជាលើកដំបូង នៅប្រទេសកម្ពុជា។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៦នេះនៅទីស្នាក់ការក្រុមហ៊ុនទិត ហ៊ុននាទីក្រុងសៀមរាប។ ព្រឹត្តិការណ៍នោះ មានវត្តមានចូលរួមពីសំណាក់ លោក សៀង ណាំ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប គណៈគ្រប់គ្រងក្រុមហ៊ុន អេស ស៊ី ជី គណៈគ្រប់គ្រងក្រុមហ៊ុន ទិត ហ៊ុន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។
លោក Aree Chavalitcheewingul អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រចាំតំបន់ នៃក្រុមហ៊ុន អេស ស៊ី ជី បាននិយាយថាខេត្តសៀមរាបគឺជាគោលដៅសេដ្ឋកិច្ចទី២នៅកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ។ លោកបន្តថាដោយសារតែការសម្លឹងឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងនៃវិស័យសំណង់នៅលើទឹកដីខេត្តសៀមរាបទើបក្រុមហ៊ុនសម្រេចចិត្តបើកដំណាងចែកចាយនៅទីនេះដើម្បីតបទៅនឹងតម្រូវការនិងការគាំទ្ររបស់អតិថិជន។ លោកបន្តថា “ក្នុងនាមជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយក្នុងតំបន់អាស៊ាន ការអភិវឌ្ឍប្រកបដោយចិរភាព គឺជាកត្តាសំខាន់មួយនៅក្នុងទស្សនវិជ្ជារបស់យើង ។ ដូច្នេះ កិច្ចសហការជាមួយដៃគូរបស់យើងក្នុងការកែលម្អបណ្តាញចែកចាយ និងបទពិសោធអតិថិជន ពិតជាមានសារសំខាន់សម្រាប់យើង ។
ក្រុមហ៊ុន ទិត ហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ នៅក្នុងខេត្តសៀមរាប និងបានក្លាយជាដេប៉ូផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំមួយនៅក្នុងខេត្តសៀមរាប ។ ប្រវត្តិនៃកិច្ចសហការរវាងក្រុមហ៊ុន ទិត ហ៊ុន ជាមួយនឹងក្រុមហ៊ុន អេស ស៊ី ជី ចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ នៅពេលដែល ទិត ហ៊ុន ចាប់ផ្តើមលក់ផលិតផលរបស់ អេស ស៊ី ជី នៅក្នុងខេត្តសៀមរាប ។
លោក ហ៊ុយ ពាវ ដែលជាម្ចាស់ក្រុមហ៊ុន ទិត ហ៊ុន បាននិយាយថា គាត់មានក្តីរីករាយខ្លាំងណាស់ ដែលបានសហការជាមួយក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនដ៏ធំមួយ និងបានក្លាយជាតំណាងចែកចាយផ្លូវការដំបូងរបស់ អេស ស៊ី ជី នៅកម្ពុជា ។ លោកបាននិយាយថា “ខ្ញុំពិតជាមានមោទនភាព និងរីករាយខ្លាំងណាស់ ចំពោះការសហការជាមួយក្រុមហ៊ុន អេស ស៊ី ជី ។ ព្រឹត្តការណ៍ថ្ងៃនេះ ពិតជាមានសារសំខាន់ចំពោះការអភិវឌ្ឍទៅមុខរបស់ក្រុមហ៊ុន ទិត ហ៊ុន និងអនាគតនៃអាជីវកម្មផ្គត់ផ្គង់គ្រឿងសំណង់ក្នុងខេត្តសៀមរាប និងទូទាំងប្រទេស ។ តំណាងចែកចាយផ្លូវការមានភាពទំនើប និងស្ដង់ដារខ្ពស់ ទាំងក្នុងការរៀបចំហាង និងការធ្វើប្រតិបត្តិការ ។ ខ្ញុំជឿជាក់ថា អតិថិជននឹងពេញចិត្តចំពោះគុណភាព និងស្ដង់ដារវិជ្ជាជីវៈ ដែលផ្តល់ជូនដោយតំណាងចែកចាយផ្លូវការ ដូចជាហាងរបស់យើងខ្ញុំ ។”
លោក Somwang Manpimonchai នាយកក្រុមហ៊ុន អេស ស៊ី ជី ប្រចាំប្រទេសកម្ពុជា បាននិយាយថា “ដោយមានក្រុមហ៊ុន ទិត ហ៊ុន ជាគំរូល្អ យើងជឿថា ព្រឹត្តិការណ៍បើកសម្ពោធតំណាងចែកចាយផ្លូវការដំបូងរបស់ អេស ស៊ី ជី នៅថ្ងៃនេះ នឹងបើកផ្លូវឲ្យមានការអភិវឌ្ឍស្តង់ដារថ្មី និងជំរុញការធ្វើពាណិជ្ជកម្មបែបទំនើបក្នុងវិស័យអាជីវកម្មគ្រឿងសំណង់នៅកម្ពុជា ។ មានតែតំណាងចែកចាយផ្លូវការទេ ដែលអាចផ្តល់ឱ្យអតិថិជន អេស ស៊ី ជីនូវសេវាកម្ម និងផលិតផលដែលពេញលេញបំផុត ហើយវត្តមានរបស់តំណាងចែកចាយផ្លូវការ នឹងអនុញ្ញាតឱ្យយើងស្វែងយល់ពីតម្រូវការរបស់អតិថិជនកាន់តែស៊ីជម្រៅ ក៏ដូចជាអាចឆ្លើយតបទៅនឹងតម្រូវការទាំងនោះឲ្យបានល្អបំផុតផងដែរ ។ លោកជឿជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន ទិត ហ៊ុន នឹងជំរុញឲ្យមានការបើកតំណាងចែកចាយផ្លូវការរបស់ អេស ស៊ី ជី ជាច្រើនកន្លែងបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា ៕ វឌ្ឍនា