អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសថៃ ក្រោយស្ងាប់ស្ងាត់ក្នុងរយៈពេល ១០០ថ្ងៃ ស្រាប់តែអាជ្ញាធរថៃ នៅថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ បានរាយការណ៍ថា មានករណីCOVID-19 ក្នុងស្រុក១ករណី។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់រកឃើញប្រភពចម្លងCOVID-19 នៅឡើយនោះទេ។
បើយោងតាមមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រចាំប្រទេសថៃ បានប្រកាសរកឃើញ មានអ្នកទោសម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ បានឆ្លងជំងឺCOVID-19 ។ អាជ្ញាធរថៃ បានសង្កត់ធ្ងន់ថា អ្នកទោសរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធករណីថ្នាំញៀន និងត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែពិសេសក្នុងទីក្រុងបាងកក។
បើតាមកាសែតបាងកកប៉ុស្តិ៍ បានចេញផ្សាយថា៖ បុរសរូបនេះ ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែសីហាមកម្លេះ ជាមួយនឹងអ្នកទោសចំនួន៣៤នាក់ផ្សេងទៀត។ កន្លងមកបុរសរូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយសាច់ញ្ញាតិចំនួន ៥នាក់ផងដែរ ។
សូមជម្រាបថា មុននឹងចាប់ខ្លួនពីបញ្ហាគ្រឿងញៀន បុរសរូបនេះ គឺជាDJ នៅក្នុងផាប់មួយកន្លែង និងធ្វើការនៅក្នុងភោជនីយដ្ឋានផងដែរមនុស្ស ដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសរូបនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ខណៈអាជ្ញាធរសុខាភិបាលថៃ អះអាងថា ស្ថានភាពឆ្លងស្ថិតនៅក្រោមការគ្រប់គ្រង។
ដោយឡែកចំពោះករណីឆ្លងក្នុងស្រុក បានកើតឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា បានអបអរសាទរ ជុំវិញថៃគ្មានករណីឆ្លងក្នុងស្រុករយៈពេល ១០០ថ្ងៃ នៅថ្ងៃទី២ ខែកញ្ញា។ ករណីឆ្លងក្នុងស្រុកចុងក្រោយរបស់ថៃ គឺនៅថ្ងៃទី២៤ ខែឧសភា។ បើគិតត្រឹមថ្ងៃទី៣ខែកញ្ញា ថៃមានករណីឆ្លងសរុបចំនួន ៣៤២៧ករណី អ្នកស្លាប់ចំនួន ៥៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៣២៧៧នាក់៕ដោយ៖ស តារា