ភ្នំពេញ៖ផ្លូវថ្មើរជើងជាប់របងសាលាបឋមសិក្សា ទួលគោក នៃខណ្ឌទួលគោក បានក្លាយជាចំណតឡានយ៉ាងអនាធិបតេយ្យ និង ចតលើផ្លូវមួយនេះ ស្ទើរខ្ទេចការ៉ូឡា ជាបណ្តើរៗហើយ ។
ប្រជាពលរដ្ឋ រាយការណ៍មកអ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាទួលគោក នេះ កន្លងមក ធ្លាប់រងការខូចខាតបាក់បែកខ្ពស់ទាបមិនស្មើគ្នា ម្តងរួចមកហើយ ធ្វើអោយ អ្នកដំណើរ ជាពិសេសសិស្សានុសិស្ស ពិបាក ធ្វើដំណើរ ។
បញ្ហានេះ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជួសជុលស្ដារឡើងវិញនូវផ្លូវថ្មើជើងជាប់របងសាលាបឋមសិក្សាទួលគោក នេះ រួចរាល់ រួចក៏មានដាក់ស្លាកហាមចតរថយន្ត ផងដែរ ។ ប៉ុន្តែក្រោយមក ស្លាកហាមចតរថយន្តនេះត្រូវបានជនខិលខូច លួចបកចេញនិងបណ្ដែតបណ្ដោយអោយមានរថយន្តជាច្រើនគ្រឿងបើកឈប់ចតនៅលើផ្លូវថ្មើរជើងជាប់របងសាលាបឋមសិក្សាទួលគោកនេះជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា ។
ជាមួយគ្នានេះ មិនយូរមិនឆាប់ ទេ ផ្លូវថ្មើរជើងការ៉ូឡានេះ នឹង ខូចខាតជាបន្តបន្ទាប់ មិនខាន បើសិនជាអាជ្ញាធរមិនមានការយកចិត្តទុកដាក់ នោះទេ ៕ ដោយ៖ចេស្តា