អង្គការ UNICEF ​អះអាងថា៖ ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន​២៨ នៅ​ប្រទេស​ចំនួន​១០ មាន​សមត្ថភាព​ក្នុង​ការផលិត​វ៉ាក់សាំង​COVID-19

ចែករំលែក៖

អន្តរជាតិ៖ អង្គការ UNICEF បាន​ប្រកាសនៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២០នេះ​​ថា​៖ ខ្លួន​នឹង​ជួយ ក្នុង​ការទិញ និង​ចែកចាយ​វ៉ាក់សាំង​COVID-19 ពីក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន​២៨ នៅ​ប្រទេស​ចំនួន​១០ ដែលមាន​សមត្ថភាព​ក្នុង​ការផលិត​វ៉ាក់សាំង​ ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​រយៈពេល​២​ឆ្នាំ ដើម្បី​ទប់ស្កាត់​នឹង​ការឆ្លង​ជំងឺ​រាតត្បាត​COVID-19​ ។

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា អង្គការ UNICEF រួមជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក (WHO)​បានរួម​សហការគ្នា​ក្នុង​គម្រោង COVAX ដែលមាន​បំណង​ទិញ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​សមធម៌​។ ប៉ុន្តែមកទល់ពេលនេះ ប្រទេស​ដែលមាន​ធនធាន​ចំនួន​៧៦ បាន​បេ្ត​ជ្ញា​ចិត្ត​ក្នុង​គម្រោង​នេះ​ ។

​បើតាមអង្គការ​UNICEF ​បាន​និយាយក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំង​២៨​នោះ បាន​ចែករំលែក​កាលវិភាគ​ផែនការ​ផលិតកម្ម​វ៉ាក់សាំង COVID-19 ប្រចាំឆ្នាំ​រហូតដល់​ឆ្នាំ​២០២៣​។ ដោយការវាយតម្លៃ​ផ្នែក​ទីផ្សារ​បស់ UNICEF បាន​បង្ហាញថា អ្នក​ផលិត​វ៉ាក់សាំង​ទាំងឡាយ មានបំណង​ផលិត​វ៉ាក់សាំង​រួមគ្នា​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ក្នុង​ចន្លោះពេល​១​ឆ្នាំ ទៅ​២​ឆ្នាំ​។​

​យ៉ាងណាមិញ អ្នក​ផលិត​វ៉ាក់សាំង ក៏​បាន​បញ្ជាក់ថា គម្រោង​នេះ​អាចធ្វើ​ទៅបាន​អាស្រ័យ​នឹង​កត្តា​ជាច្រើន​ដូចជា​ភាពជោគជ័យ​នៃ​ការធ្វើ​តេស្ត ការព្រមព្រៀង​ទិញ​ទុកជាមុន ការផ្តល់​មូលនិធិ ការកាត់បន្ថយ​នីតិវិធី ការបើកផ្លូវ​លើ​បញ្ញត្តិ​ច្បាប់ និង​ការចុះឈ្មោះ​វ៉ាក់សាំង​ជាដើម​។​

​សូមជម្រាបថា បច្ចុប្បន្ននេះ វ៉ាក់សាំង​ជាច្រើន​ប្រភេទ កំពុង​ត្រូវបាន​អភិវឌ្ឍ ប៉ុន្តែ​មាន​វ៉ាក់សាំង​មិន​ច្រើន​ឡើយ​ដែល​អាច​ឈានដល់​ដំណាក់កាល​ទី​បី​ដែលជា​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​។ វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ដើរតួ​សំខាន់​ក្នុងការ​រាំងខ្ទប់​ជំងឺ COVID-19 ដែល​មកដល់ពេលនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​៨​សែន​នាក់​នៅ​ជុំវិញ​ពិភពលោក​។​

​ប៉ុន្តែ​ការទទួលបាន​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ បាន​ក្លាយជា​បញ្ហា​ប្រឈម និង​ការបារម្ភ​របស់​អង្គការ​អន្តរជាតិ ដោយសារតែ​ប្រទេស​អ្នកមាន​ដូចជា​៖ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន និង​សហភាព​អឺរ៉ុប​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​COVID-19 ចំនួន​៣,១​ពាន់​លាន​សម្រាប់​ទុកជាមុន​រួចទៅហើយ​។ ដូច្នេះហើយ​ទើប​គម្រោង COVAX ដែល​ដឹកនាំ​រួមគ្នា​ដោយ WHO និង UNICEF មាន​សារសំខាន់​សម្រាប់​ប្រទេស​ក្រីក្រ​។

ដោយឡែកអង្គការWHO បាន​បញ្ជាក់ផងដែរ​ថា គោលបំណង​របស់ខ្លួន គឺ​ចង់​ឲ្យ​ប្រទេស​នីមួយៗ​ទទួលបាន​វ៉ាក់សាំង​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់ខ្លួន​ដោយ​ចាប់ផ្តើម​ពី​ក្រុម​ដែល​ងាយ​រងគ្រោះ​។​

គួរបញ្ជាក់ថា អង្គការUNICEF ដែលជា​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កុមារ ដែលមាន​តួនាទី​ក្នុងការ​ចូលរួម​ចែកចាយ និង​ទិញ​វ៉ាក់សាំង ដោយសារតែអង្គការមួយនេះ ជា​អ្នកទិញ​វ៉ាក់សាំង​ច្រើន​បំផុត​ក្នុង​ពិភពលោក គឺ​ជាង​២​ពាន់​លាន​សម្រាប់ រៀងរាល់ឆ្នាំ សម្រាប់​កម្មវិធី​វ៉ាក់សាំង​ក្នុងប្រទេស​ក្រីក្រ​ចំនួន​១០០ នៅ​ទូទាំង​ពិភពលោក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print