ប្រធានាធិបតីកោះ​ប៉ា​ឡាវ ស្នើ​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​

ចែករំលែក៖

អន្តរជាតិ៖ ក្នុង អំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ នៅប្រទេសប៉ាឡាវ ដែលដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកដ៏តូចមួយកាលពីសប្ដាហ៍មុននេះ លោកប្រធានាធិបតីកោះប៉ាឡាវ Tommy Remengesau បានស្នើឲ្យអាមេរិកដាក់មូលដ្ឋានយោធាក្នុងទឹកដីរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនង ស្រោចស្រង់ផ្នែកសេដ្ឋកិច្ច និងទប់ទល់ឥទ្ធិពលរបស់ចិន

ប្រធានាធិបតីប៉ាឡាវរូបនេះ បានស្នើដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ ឲ្យអាមេរិកដាក់មូលដ្ឋានទ័ពក្នុងប្រទេសរបស់លោក ដែលមានទីតាំងចំកន្លែងប្រទាញប្រទង់ឥទ្ធិពលរបស់អាមេរិក និងចិន ខណៈដែលប្រទេសប៉ាឡាវ និងប្រទេសមួយចំនួននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ កំពុងក្លាយជាគោលដៅរបស់ចិនក្នុងការផ្ដាច់ដង្ហើមការទូតរបស់តៃវ៉ាន់ ហើយកន្លងមក ប្រទេសក្នុងតំបន់នេះច្រើនហើយដែលងាកទៅចិន

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ប្រភពចេញពីលោក Remengesau និយាយបែបនេះក្នុងលិខិតផ្ញើឲ្យលោក អេស្ពើ ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីផ្ទាល់ នៅថ្ងៃទី ខែកញ្ញាម្សិលមិញនេះថា៖ «​សំណើរបស់ប៉ាឡាវទៅកាន់យោធាអាមេរិកមានលក្ខណៈធម្មតាៗ គឺកសាងមូលដ្ឋានប្រើប្រាស់រួមគ្នា ហើយបន្ទាប់មកអាចដាក់ទ័ពជាទៀងទាត់បាន​»​

ក្នុងលិខិតដដែល ប៉ាឡាវដែលមានប្រជាជន២២០០០នាក់ ស្វាគមន៍ការដាក់មូលដ្ឋានទ័ព ប្រើប្រាស់កំពង់ផែ និងមូលដ្ឋានអាកាសសម្រាប់យោធាអាមេរិក លោក Remengesau ក៏ស្នើសុំវត្តមានកងឆ្មាំការពារឆ្នេរអាមេរិកពង្រាយនៅប៉ាឡាវដើម្បីជួយការពារធនធានធម្មជាតិដ៏ហូរហៀផងដែរ ដែនធម្មជាតិរបស់ប៉ាឡាវមានទំហំស្មើប្រទេសអេស្ប៉ា ដែលនេះជាការលំបាកសម្រាប់ប្រទេសតូចតាចប៉ាឡាវនេះតែម្ដង

សូមជម្រាបថា បើមែនទែនទៅ ប៉ាឡាវដែលជាប្រទេសគ្មានកងទ័ព បានពឹងផ្អែកលើយោធាអាមេរិកដើម្បីការពារខ្លួនក្រោមកិច្ចព្រមព្រៀងទ្វេភាគី ក្រោមកិច្ចព្រមព្រៀងនេះ យោធាអាមេរិកអាចចូលទឹកដីប៉ាឡាវគ្រប់ពេល បើទោះជាបច្ចុប្បន្នអាមេរិកមិនបានពង្រាយយោធាជាអចិន្ត្រៃយ៍នៅប្រទេសតូចនេះក្ដី ជាមួយនឹងការសាងសង់មូលដ្ឋានយោធារបស់អាមេរិក លោក Remengesau ក៏អះអាងដែរថា វានឹងជួយប៉ាឡាវផ្នែកសេដ្ឋកិច្ចផងដែរខណៈ COVID-19 កំពុងរាតត្បាតនោះ

ដោយឡែកចំពោះវត្តមានរបស់អាមេរិក ក៏នឹងជួយទប់ទល់ឥទ្ធិពលចិនផងដែរ ជាក់ស្តែងនៅតំបន់ប៉ាស៊ីហ្វិក ចិនបានអូសទាញប្រទសចំនួនពីរកាលពីឆ្នាំមុនឲ្យផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ប៉ាឡាវដែលជាមិត្តភក្តិរបស់តៃវ៉ាន់ ក៏ត្រូវបានអន្ទងដោយចិនដែរ ប៉ុន្តែបានទាត់ចោលរហូតដល់ចិនហាមជនជាតិខ្លួនទៅលេងប្រទេសនេះទៀតផង

គួរបញ្ជាក់ថា លោក មេដឹកនាំប៉ាឡាវរូបនេះ ដោយមិននិយាយចំឈ្មោះចិនថា ប្រទេសដែលបង្កអស្ថិរភាពបានកេងចំណេញពីស្ថានភាពCOVID-19 ក្នុងប្រទេសក្រីក្រតាមរយៈការផ្ដល់កម្ចីនានា មិនតែប៉ុណ្ណោះលោក Remengesau ក៏បានប្រាប់ទៅលោក អេស្ពើ ថា៖ ជំនួយរបស់ចិនជះឥទ្ធិពលប្រជាជនក្នុងស្រុក ហើយក៏ប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការរាប់អានមិត្តភក្តិដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print