ប្រធានាធិបតីកោះ​ប៉ា​ឡាវ ស្នើ​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​

ចែករំលែក៖

អន្តរជាតិ៖ ក្នុង អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ នៅ​ប្រទេសប៉ា​ឡាវ ដែល​ដែន​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដ៏​តូច​មួយ​ កាលពី​សប្ដាហ៍​មុននេះ ។ លោក​ប្រធានាធិបតីកោះ​ប៉ា​ឡាវ Tommy Remengesau បានស្នើ​ឲ្យ​អាមេរិក​ដាក់​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​ពង្រឹង​ទំនាក់ទំនង ស្រោចស្រង់​ផ្នែក​សេដ្ឋកិច្ច និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ ។

​ប្រធានាធិបតី​ប៉ា​ឡាវរូបនេះ បានស្នើ​ដោយផ្ទាល់​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ ឲ្យ​អាមេរិក​ដាក់​មូលដ្ឋានទ័ព​ក្នុងប្រទេស​របស់លោក ដែលមាន​ទីតាំង​ចំ​កន្លែង​ប្រទាញប្រទង់​ឥទ្ធិពល​របស់​អាមេរិក និង​ចិន​។ ខណៈដែលប្រទេសប៉ា​ឡាវ និង​ប្រទេស​មួយចំនួន​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ កំពុងក្លាយជា​គោលដៅ​របស់​ចិន​ក្នុងការ​ផ្ដាច់ដង្ហើម​ការ​ទូត​របស់​តៃវ៉ាន់ ហើយ​កន្លងមក ប្រទេស​ក្នុង​តំបន់​នេះ​ច្រើន​ហើយ​ដែល​ងាក​ទៅ​ចិន​។​

បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បានដកស្រង់ប្រភពចេញពីលោក Remengesau និយាយ​បែបនេះ​ក្នុង​លិខិត​ផ្ញើ​ឲ្យ​លោក អេ​ស្ពើ ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​ផ្ទាល់ នៅ​ថ្ងៃទី​៤ ខែកញ្ញា​ម្សិលមិញនេះថា៖ «​សំណើ​របស់​ប៉ា​ឡាវ​ទៅកាន់​យោធា​អាមេរិក​មាន​លក្ខណៈ​ធម្ម​តាៗ គឺ​កសាង​មូលដ្ឋាន​ប្រើប្រាស់​រួមគ្នា ហើយ​បន្ទាប់មក​អាចដាក់​ទ័ព​ជា​ទៀងទាត់​បាន​»​។

​ក្នុង​លិខិត​ដដែល ប៉ា​ឡាវ​ដែលមាន​ប្រជាជន​២២០០០​នាក់ ស្វាគមន៍​ការដាក់​មូលដ្ឋានទ័ព ប្រើប្រាស់​កំពង់ផែ និង​មូលដ្ឋាន​អាកាស​សម្រាប់​យោធា​អាមេរិក​។ លោក Remengesau ក៏​ស្នើសុំ​វត្តមាន​កង​ឆ្មាំ​ការពារ​ឆ្នេរ​អាមេរិក​ពង្រាយ​នៅ​ប៉ា​ឡាវ​ដើម្បី​ជួយ​ការពារ​ធនធានធម្មជាតិ​ដ៏​ហូរហៀ​ផងដែរ​។ ដែន​ធម្មជាតិ​របស់​ប៉ា​ឡាវ​មាន​ទំហំ​ស្មើ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​នេះ​ជាការ​លំបាក​សម្រាប់​ប្រទេស​តូចតាច​ប៉ា​ឡាវ​នេះ​តែម្ដង​។​

​សូមជម្រាបថា បើមែនទែនទៅ ប៉ា​ឡាវ​ដែលជា​ប្រទេស​គ្មាន​កងទ័ព បាន​ពឹង​ផ្អែកលើ​យោធា​អាមេរិក​ដើម្បី​ការពារ​ខ្លួន​ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​។ ក្រោម​កិច្ចព្រមព្រៀង​នេះ យោធា​អាមេរិក​អាច​ចូល​ទឹកដី​ប៉ា​ឡាវ​គ្រប់ពេល បើទោះជា​បច្ចុប្បន្ន​អាមេរិក​មិនបាន​ពង្រាយ​យោធា​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​តូច​នេះ​ក្ដី​។ ជាមួយនឹង​ការសាងសង់​មូលដ្ឋាន​យោធា​របស់​អាមេរិក លោក Remengesau ក៏​អះអាង​ដែរ​ថា វា​នឹង​ជួយ​ប៉ា​ឡាវ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​ខណៈ COVID-19 កំពុង​រាតត្បាត​នោះ​។​

​ដោយឡែកចំពោះវត្តមាន​របស់​អាមេរិក ក៏​នឹង​ជួយ​ទប់ទល់​ឥទ្ធិពល​ចិន​ផងដែរ​។ ជាក់ស្តែងនៅ​តំបន់​ប៉ាស៊ីហ្វិក ចិន​បាន​អូសទាញ​ប្រ​ទស​ចំនួន​ពីរ​កាលពី​ឆ្នាំមុន​ឲ្យ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ឯ​ប៉ា​ឡាវ​ដែលជា​មិត្តភក្តិ​របស់​តៃវ៉ាន់ ក៏ត្រូវ​បាន​អន្ទង​ដោយ​ចិន​ដែរ ប៉ុន្តែ​បាន​ទាត់ចោល​រហូតដល់​ចិន​ហាម​ជនជាតិ​ខ្លួន​ទៅលេង​ប្រទេស​នេះ​ទៀតផង​។

​គួរបញ្ជាក់ថា លោក មេដឹកនាំ​ប៉ា​ឡាវ​រូបនេះ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិនថា ប្រទេស​ដែល​បង្ក​អស្ថិរភាព​បាន​កេងចំណេញ​ពី​ស្ថានភាពCOVID-19 ក្នុងប្រទេស​ក្រីក្រ​តាមរយៈ​ការផ្ដល់​កម្ចី​នានា​។ មិនតែប៉ុណ្ណោះលោក Remengesau ក៏បានប្រាប់ទៅលោក អេ​ស្ពើ ថា៖ ជំនួយ​របស់​ចិន​ជះឥទ្ធិពល​ប្រជាជន​ក្នុងស្រុក ហើយក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ក្នុងការ​រាប់អាន​មិត្តភក្តិ​ដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print