យ៉ាងហោចណាស់ក៏មានមនុស្ស១២នាក់ដែរបានស្លាប់ ក្នុងនោះមានក្មេងប្រុសម្នាក់ និង៣៧នាក់ផ្សេងទៀតរងរបួស ដោយសារតែការផ្ទុះម៉ាស៊ីនត្រជាក់នៅព្រះវិហាអ៊ិស្លាមក្នុងតំបន់ Narayanganj រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភាគច្រើនអ្នករងរបួសគឺរលាកខ្លួនប្រាណចាប់ពី៦០ដល់ ៧០ភាគរយ ហើយពេលនេះមានមនុស្សដល់ទៅ២៥នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ខែកញ្ញា ក្នុងពេលដែលព្រះវិហារកម្ពស់៣ជាន់ មានមនុស្សប្រមាណ១០០នាក់កំពុងតែធ្វើពិធីបួងសួង។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ការផ្ទុះអាចបណ្តាលមកពីការបែកធ្លាយហ្គាស។
សូមបញ្ជាក់ថា ម៉ាស៊ីនត្រជាក់ទាំង៨គ្រឿងនៅជាន់ទី១គឺបានផ្ទុះទាំងអស់ ហើយបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ។ ការផ្ទុះមានសំឡេងខ្លាំងធ្វើឲ្យទ្វារបង្អួចកញ្ចក់បែកខ្ទេច។ កម្លាំងជួយសង្គ្រោះ និងពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុទាន់ពេលវេលាដើម្បីពន្លត់ភ្លើងភ្លាមៗដែរ៕