ករណី​បំពុលមេដឹកនាំប្រឆាំងរុស្ស៉ី លោក ត្រាំ អះអាងថា៖អាមេរិក​មិនឃើញ​ព័ស្តុតាង

ចែករំលែក៖

អន្តរជាតិ៖ ក្រោយមានករណី​បំពុល​មេដឹកនាំប្រឆាំងរុស្ស៉ី បានធ្វើ​ឲ្យ​ទំនាក់ទំនង​អឺរ៉ុប និង​រុស្ស៊ី​កាន់តែ​យ៉ាប់យ៉ឺន រហូត​មានការ​គំរាម​ដាក់ទណ្ឌកម្ម​ផង​នោះ ។ បើទោះបីជា ក្រុមអ្នកជំនាញអាល្លឺម៉ង់​ ដែល​លោក Alexei Navalny កំពុង​សម្រាក​ព្យាបាល បានប្រកាស​ពី​ការរកឃើញ​ព័ស្តុតាង​ហើយ​ក៏ដោយ ។ ប៉ុន្តែពេលនេះលោកប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពីថ្ងៃទី​៤ ខែកញ្ញា ម្សិលមិញនេះ ​និយាយថាអាមេរិក​មិនឃើញ​ព័ស្តុតាង​ទាក់ទង​ការបំពុល​លោក Alexei Navalny អ្នកនយោបាយ​ប្រឆាំង​របស់​រុស្ស៊ី​នៅឡើយ ​។ ខណៈទីក្រុង​មូ​ស្គូ​ នៅតែ​អះអាង​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន​។​

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​៤ ខែកញ្ញា ដោយ​សំដៅ​ករណី​បំពុល​អ្នកនយោបាយ​ប្រឆាំង​រុស្ស៊ី ថា៖«​ខ្ញុំ​មិនដឹងថា​មិន​អ្វី​កើតឡើង​ឲ្យ​ប្រាកដ​ឡើយ​។ ខ្ញុំ​គិតថា​វា​ជា​សោកនាដកម្ម ជា​រឿង​អាក្រក់​មិនគួរ​កើតឡើង​ឡើយ​។​» សព្វថ្ងៃ លោក Navalny កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​អាល្លឺម៉ង់​ដោយ​ត្រូវបាន​ដឹក​តាម​យន្តហោះ​ពី​តំបន់​ស៊ី​បេ​រី​ទី​ដែល​លោក​ត្រូវបាន​ជឿថា ត្រូវគេ​បំពុល​។​

​រដ្ឋាភិបាល​បែរ​ឡាំង​ប្រកាសថា លោក Navalny ត្រូវបាន​បំពុល​ដោយ​ថ្នាំ Novichok ដែលជា​ថ្នាំពុល​កម្រិត​ខ្ពស់​របស់​យោធា​រុស្ស៊ី​។ ប៉ុន្តែ​លោក ត្រាំ លើកឡើងថា អាមេរិក​មិនទាន់​បានឃើញ​ព័ស្តុតាង​ផ្ទាល់​ភ្នែក​នៅឡើយ​ទេ​ទាក់ទង​ការបំពុល​នេះ ហើយ​ដឹង​តាម​ការប្រកាស​របស់​អា​ល្លឺ​ម៉​ង់​ប៉ុណ្ណោះ​។ ទីក្រុង​បែរ​ឡាំង បាន​រាយការណ៍​ពី​ការរកឃើញ​របស់ខ្លួន​ឲ្យ​សមាជិក​ណា​តូ ហើយ​អគ្គលេខាធិការ​ណា​តូ លោកJen Stoltenburg ក៏​ជឿថា លោក Navalny ត្រូវបាន​បំពុល​ដោយ Novichok ដែរ​។​

ជាមួយនឹង​លើកឡើង​បែប​ព្រមានរបស់លោក ត្រាំ ​​ថា៖ អ្វីដែល​អាល្លឺម៉ង់​បង្ហាញ​ដូចជា​ពិត​ទៅហើយ ហើយ​បើ​ពិតជា​ដូច្នោះ​មែន លោក​នឹង​ខឹង​រុស្ស៊ី​មែនទែន​។ លោក បន្ថែមថា «​យើង​មិនទាន់​ឃើញ​វា​នៅឡើយ​ទេ តែ​ខ្ញុំ​នឹង​មើល​វា (​ព័ស្តុតាង​) » ។

គួរបញ្ជាក់ថា ក្រោយ​ការប្រកាស​របស់​អាល្លឺម៉ង់ សហភាព​អឺរ៉ុប​ក៏​គំរាម​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី បើ​ករណីនេះ​ជាការ​ពិត​។ ណា​តូ​វិញ ក៏​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​លើ​ករណី​បំពុល​នេះដែរ​។ ប៉ុន្តែ​វិមាន​ក្រេ​ម​ឡាំង​របស់​រុស្ស៊ី បន្ត​បដិសេធ​ការចោទប្រកាន់​នេះ​។ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង លោក Dmitry Peskov និយាយថា លទ្ធភាព​នៃ​ការបំពុល​ត្រូវបាន​ពិចារណា​តាំងពី​ដើមទី​មក ខណៈដែល​ពេទ្យរុស្ស៊ី​បង្ហាញថា វា​មិនមែនជា​ការពិត​ក្ដី​។​

​ដោយឡែកជុំវិញបញ្ហានេះ លោក​រដ្ឋមន្ត្រីការបរទេស Sergei Lavrov វិញ ក៏បានលើកឡើងថា អាល្លឺម៉ង់​មិនបាន​ចែក​ព័ត៌មាន​អ្វី​ជាមួយ​រុស្ស៊ី​ឡើយ​។ លោក​បន្តថា រុស្ស៊ី​គ្មានអ្វី​ត្រូវ​លាក់បាំង​ឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print