អន្តរជាតិ៖ ក្រោយមានករណីបំពុលមេដឹកនាំប្រឆាំងរុស្ស៉ី បានធ្វើឲ្យទំនាក់ទំនងអឺរ៉ុប និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន រហូតមានការគំរាមដាក់ទណ្ឌកម្មផងនោះ ។ បើទោះបីជា ក្រុមអ្នកជំនាញអាល្លឺម៉ង់ ដែលលោក Alexei Navalny កំពុងសម្រាកព្យាបាល បានប្រកាសពីការរកឃើញព័ស្តុតាងហើយក៏ដោយ ។ ប៉ុន្តែពេលនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែកញ្ញា ម្សិលមិញនេះ និយាយថាអាមេរិកមិនឃើញព័ស្តុតាងទាក់ទងការបំពុលលោក Alexei Navalny អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ីនៅឡើយ ។ ខណៈទីក្រុងមូស្គូ នៅតែអះអាងពីភាពត្រឹមត្រូវរបស់ខ្លួន។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃទី៤ ខែកញ្ញា ដោយសំដៅករណីបំពុលអ្នកនយោបាយប្រឆាំងរុស្ស៊ី ថា៖«ខ្ញុំមិនដឹងថាមិនអ្វីកើតឡើងឲ្យប្រាកដឡើយ។ ខ្ញុំគិតថាវាជាសោកនាដកម្ម ជារឿងអាក្រក់មិនគួរកើតឡើងឡើយ។» សព្វថ្ងៃ លោក Navalny កំពុងសម្រាកក្នុងមន្ទីរពេទ្យអាល្លឺម៉ង់ដោយត្រូវបានដឹកតាមយន្តហោះពីតំបន់ស៊ីបេរីទីដែលលោកត្រូវបានជឿថា ត្រូវគេបំពុល។
រដ្ឋាភិបាលបែរឡាំងប្រកាសថា លោក Navalny ត្រូវបានបំពុលដោយថ្នាំ Novichok ដែលជាថ្នាំពុលកម្រិតខ្ពស់របស់យោធារុស្ស៊ី។ ប៉ុន្តែលោក ត្រាំ លើកឡើងថា អាមេរិកមិនទាន់បានឃើញព័ស្តុតាងផ្ទាល់ភ្នែកនៅឡើយទេទាក់ទងការបំពុលនេះ ហើយដឹងតាមការប្រកាសរបស់អាល្លឺម៉ង់ប៉ុណ្ណោះ។ ទីក្រុងបែរឡាំង បានរាយការណ៍ពីការរកឃើញរបស់ខ្លួនឲ្យសមាជិកណាតូ ហើយអគ្គលេខាធិការណាតូ លោកJen Stoltenburg ក៏ជឿថា លោក Navalny ត្រូវបានបំពុលដោយ Novichok ដែរ។
ជាមួយនឹងលើកឡើងបែបព្រមានរបស់លោក ត្រាំ ថា៖ អ្វីដែលអាល្លឺម៉ង់បង្ហាញដូចជាពិតទៅហើយ ហើយបើពិតជាដូច្នោះមែន លោកនឹងខឹងរុស្ស៊ីមែនទែន។ លោក បន្ថែមថា «យើងមិនទាន់ឃើញវានៅឡើយទេ តែខ្ញុំនឹងមើលវា (ព័ស្តុតាង) » ។
គួរបញ្ជាក់ថា ក្រោយការប្រកាសរបស់អាល្លឺម៉ង់ សហភាពអឺរ៉ុបក៏គំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី បើករណីនេះជាការពិត។ ណាតូវិញ ក៏ស្នើឲ្យមានការស៊ើបអង្កេតមួយលើករណីបំពុលនេះដែរ។ ប៉ុន្តែវិមានក្រេមឡាំងរបស់រុស្ស៊ី បន្តបដិសេធការចោទប្រកាន់នេះ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov និយាយថា លទ្ធភាពនៃការបំពុលត្រូវបានពិចារណាតាំងពីដើមទីមក ខណៈដែលពេទ្យរុស្ស៊ីបង្ហាញថា វាមិនមែនជាការពិតក្ដី។
ដោយឡែកជុំវិញបញ្ហានេះ លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov វិញ ក៏បានលើកឡើងថា អាល្លឺម៉ង់មិនបានចែកព័ត៌មានអ្វីជាមួយរុស្ស៊ីឡើយ។ លោកបន្តថា រុស្ស៊ីគ្មានអ្វីត្រូវលាក់បាំងឡើយ៕ដោយ៖ស តារា