ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ នេះ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានកំពុងហ្វឹកហាត់ជាមួយនឹងឧបករណ៍ទំនើបៗដូចជា ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិត ផ្តល់ជាសំឡេង និងរូបភាពតាមកាមេរ៉ា, ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិតផ្តល់ជាសញ្ញារំញ័រ, និងឧបករណ៍ស្វែងរកចរន្តអគ្គិសនី។
ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលផែនសង្គ្រោះបានឱ្យដឹងថា សកម្មភាពនេះគឺក្រោមការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពីប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចតេជោ បានអនុញ្ញាតអោយឧបករណ៍ទាំង៣មុខនេះតាមរយ:ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឱ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ យកមកហ្វឹកហាត់និងប្រើប្រាស់ ដើម្បីបង្កើនសមត្ថភាពលើសេវាសង្គ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការងារត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះអាសន្នដូចជាបាក់រលំអគារជាដើម។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានជំនួសមុខជូន មេបញ្ជាការកងពល ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចលេខ៧០ សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់គ្រប់បណ្តាអង្គភាពប្រតិបត្តិការរុករកនិងសង្គ្រោះទាំងអស់ជានិច្ច។
លោកថាក្នុងនាមកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ សូមប្តេជ្ញាយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ ថែទាំសម្ភារដ៏មានតម្លៃទាំងអស់នេះឱ្យបានល្អ និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ដោយឈរលើកត្តាសំខាន់៣គឺស្មោះត្រង់, មានទំនួលខុសត្រូវ, ចេះសាមគ្គីនិងសហការគ្នាឱ្យបានល្អ។
សូមបញ្ជាក់ថា ការហ្វឹកហាត់នេះបានធ្វើឡើងដោយកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១នៅទីបញ្ជាការកងពលតូចលេខ៧០ក្រោមការដឹកនាំបញ្ជាដោយ
ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលផែនសង្គ្រោះ៕
ដោយ៖ សិលា