អន្តរជាតិ៖ ជាការឆ្លើយតបទៅវិញភា្លមៗ នៅថ្ងៃសៅរ៍ទី៤ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីជាន់ខ្ពស់ចិន បានប្រើសម្ដីខ្លាំងទៅនឹងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ដែលធ្វើការលើការងារសិទ្ធិមនុស្សពាក់ព័ន្ធការអនុវត្តច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុង។ដោយតាមរយៈក្រសួងការបរទេស បានគូសបញ្ជាក់ប្រាប់មន្ត្រីអន្តរជាតិទាំងនោះថា៖ ច្បាប់សន្តិសុខនេះ ជាការការពារប្រជាជនហុងកុងហើយបញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងហុងកុង និងចិនជារួម។
ច្បាប់សន្តិសុខជាតិនៅហុងកុង នៅតែជាប្រធានបទក្ដៅដដែល។ នៅពេលដែលប្រទេសជាច្រើនរិះគន់នោះ គេក៏ឃើញមានអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចេញមកប្រតិកម្មផងដែរ។ ក្នុងលិខិតមួយដែលចេញជាសាធារណៈនៅថ្ងៃទី៤ ខែកញ្ញាអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកច្បាប់សន្តិសុខជាតិនៅហុងកុង ជាការបំពានសិទ្ធិជាមូលដ្ឋាន និងមានគោលដៅដាក់ទោសលើការបញ្ចេញមតិ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចេញមុខបកស្រាយការរិះគន់ពាក់ព័ន្ធច្បាប់មួយនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ ខែកញ្ញា ដោយអ្នកនាំពាក្យរូបនេះ បកស្រាយថា ច្បាប់សន្តិសុខជាតិនៅហុងកុង មិនមែនជារឿងសិទ្ធិមនុស្សអ្វីទាំងអស់ តែវាជាការបំពេញចន្លោះប្រហោងច្បាប់ហុងកុង និងដើម្បីទប់ស្កាត់ បញ្ឈប់ ដាក់ទោសអ្នកដែលធ្វើសកម្មភាពប៉ះពាល់សន្តិសុខជាតិ។
លោកស្រី Hua សង្កត់ធ្ងន់ថា «ច្បាប់នេះដាក់ទោសមនុស្សតិចតួច ហើយការពារមនុស្សភាគច្រើន។ ខណៈដែលសិទ្ធិ និងសេរីភាពដែលនៅតែមាន ច្បាប់នេះត្រូវបានគាំទ្រ និងស្វាគមន៍ដោយប្រជាជនហុងកុង។» លោកស្រី Hua ឆ្លើយបែបនេះ នៅពេលត្រូវបានសួរពីយោបល់ទាក់ទងលិខិតរបស់អ្នករាយការណ៍អង្គការសហប្រជាជាតិ។ មន្ត្រីក្រសួងការបរទេសចិនបន្ថែមថា មានបុគ្គលខ្លះ មិនខ្វល់ពីការពិត ហើយរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅចិន យករឿងនេះធ្វើជានយោបាយ និងរំលោភកិច្ចការផ្ទៃក្នុងចិនទាំងបំពាន។
អ្នកនាំពាក្យរូបនេះ ដោយចង់សំដៅអ្នកជំនាញអន្តរជាតិខាងលើក៏ប្រាប់ឲ្យពួកគេគោរពគោលការណ៍អង្គការសហប្រជាជាតិ ជម្រះចោលការមិនខ្វល់ខ្វាយ ស្តង់ដាពីរជាន់ និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុង និងចិនទៀតទៅ។
គួរបញ្ជាក់ថា ទាក់ទងនឹងច្បាប់នេះ ប្រទេសលោកខាងលិចជាច្រើនមានអាល្លឺម៉ង់ បារាំង អាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ជាដើម បាននាំគ្នាផ្អាកកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយហុងកុង ដោយបារម្ភថា អ្នកដែលត្រូវបញ្ជូនទៅហុងកុង អាចត្រូវបញ្ជូនបន្តទៅកាន់ចិនក្រោមច្បាប់សន្តិសុខថ្មីនេះ។ ចិនមិនខ្វល់ប្រតិកម្មទាំងនោះ និងបានការពារការសម្រេចចិត្តអនុវត្តច្បាប់នេះដោយមិនរារែក៕ដោយ៖ស តារា