អន្តរជាតិ៖ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ បានរិះគន់យោធាចិនចំៗក្នុងអត្ថបទវិចារណកថាមួយ ដោយបានចោទកងទ័ពចិនចំៗថា បម្រើឲ្យតែបក្សកុម្មុយនិស្តចិនប៉ុណ្ណោះ។ ក្នុងអត្ថបទមានចំណងជើងថា «The Pentagon Is Prepared for China» ដែលផ្សាយនៅលើសារព័ត៌មានអាមេរិក Wall Street Journal លោកអេស្ពើ ក៏បានលើកឡើងពីការធ្វើទំនើបកម្មរបស់កងទ័ពចិន ដែលជាអាចជាបញ្ហាផងដែរ។
ដោយមិនទុកឲ្យយូរនោះទេ កាលពីថ្ងៃអាទិត្យទី៦ ខែកញ្ញាម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានទាត់ចោលការលើកឡើងរបស់ប្រមុខការពារជាតិអាមេរិក ម៉ាក អេស្ពើ ដែលបានចោទប្រកាន់កងទ័ពចិនថា គឺជាស្ថាប័នបម្រើឲ្យបក្សកុម្មុយនីស្តចិន និងអង្គភាពពាក់ព័ន្ធ ពោលគឺមិនបានបម្រើប្រជាជន ឬរដ្ឋធម្មនុញ្ញ ដូចយោធាអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ ដើម្បីឆ្លើយតបនឹងប្រមុខការពារជាតិអាមេរិក ក៏បានចេញមុខបដិសេដទាំងស្រុងលើការចោទប្រកាន់នេះ និងតបវិញថា ចង់កាត់ផ្តាច់ទំនាក់ទំនងរវាងកងទ័ព និងប្រជាជនចិន។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែកញ្ញា មន្ត្រីចិនរូបនេះ បន្ថែមថា អត្ថបទវិចារណកថារបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក គឺជាការបំផ្លាញចក្ខុវិស័យកងទ័ពចិន ដោយមិនបានសំអាងមូលដ្ឋានច្បាស់លាស់។
លោក Ren បានលើកឡើងដើម្បីការពារការចោទប្រកាន់របស់អាមេរិកថា៖ «បក្សកុម្មុយនីស្តចិន និងកងទ័ពចិន គឺបំពេញបេសកកម្មដូចគ្នាដើម្បីបម្រើប្រជាជនឲ្យអស់ពីសមត្ថភាព ដូចដែលមានចែងក្នុងធម្មនុញ្ញរបស់ចិន»។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានប្រតិកម្មដាក់ប្រមុខការពារជាតិអាមេរិកទៀតថា ការចោទប្រកាន់ទាំងនោះ មិនមានមូលដ្ឋានច្បាស់លាស់ឡើយ និងជាគំនិតក្នុងសម័យសង្រ្គាមត្រជាក់និងការប្រឆាំងមនោគមវិជ្ជា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើនរូបថា៖ ការធ្វើទំនើបកម្មរបស់កងទ័ពចិន គួរតែត្រូវបានចាត់ទុកថាគឺជាការពង្រឹងសន្តិភាពពិភពលោក ដូចដែលរដ្ឋធម្មនុញ្ញ បានចែងថា ចិនស្វែងរកការអភិវឌ្ឍប្រកបដោយសន្តិភាព។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយដែលចិនឆ្លើយនឹងការលើកឡើងរបស់លោក អេស្ពើ ។ ព្រោះកន្លងមក ក្រសួងការបរទេសចិន ក៏ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ប្រមុខការពារជាតិអាមេរិកម្តងហើយ ដោយអះអាងថា គ្មានមូលដ្ឋានច្បាស់លាស់ផងដែរ។
សូមជម្រាបថា ការបញ្ចេញអត្ថបទរបស់លោក អេស្ពើ លើកងទ័ពចិន គឺធ្វើឡើងស្របពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមើលមុខគ្នាមិនចំលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហាហុងកុង កោះតៃវ៉ាន់ COVID-19 បញ្ហាការទូត សមុទ្រចិនខាងត្បូង និងបញ្ហាជាច្រើនទៀត៕ដោយ៖ស តារា