អន្តរជាតិ៖ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជាង ៨៤លានដូស(ដប) លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសថា៖ រដ្ឋាភិបាលសម្រេចចំណាយលុយសរុបជាង ១.២ពាន់លានដុល្លារអាមេរិក ។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក ស្កុត ម៉ូរីសុន និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលអូស្ត្រាលី បានបង្កើតកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាខាងលើនេះ ពីសាកលវិទ្យាល័យ ឃ្វីនស៍លែនដ៍ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី CSL ក៏ដូចជាជាមួយសាកលវិទ្យាល័យអង់គ្លេសអុកស្វដ (Oxford) និងក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ផងដែរ។
សូមជម្រាបថា ក្នុងកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រកាសថា៖ មានតម្លៃសរុបជាង ១.២ពាន់លានដុល្លារអាមេរិកហើយខ្លួននឹងទទួលបានបេក្ខភាពវ៉ាក់សាំងមុនគេ ពីសាកលវិទ្យាល័យទាំងឡាយខាងលើនេះ ប្រសិនបើវ៉ាក់សាំងទាំងនោះ ត្រូវបានគេអះអាងថា ពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផលិត និងយកទៅចាក់ជូនប្រជាជននោះ។
គួរបញ្ជាក់ថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងទាំងអស់នេះ វ៉ាក់សាំងសរុបជាង ៨៤លានដូសនឹងត្រូវផ្តល់ទៅដល់ប្រជាជនអូស្ត្រាលីគ្រប់រូបហើយសម្រាប់វ៉ាក់សាំងដំបូងចំនួន ៣.៨លានដូស នឹងត្រូវទទួលបានពីសាកលវិទ្យាល័យអង់គ្លេស Oxford នៅអំឡុងខែមករា និងកុម្ភៈឆ្នាំ២០២១ខាងមុខនេះ។
បច្ចុប្បន្ននេះ បើគិតត្រឹមព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញានេះ ប្រទេសអូស្ត្រាលីដែលមានប្រជាជនសរុបជាង ២៥លាននាក់ មានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ២៦,៣០០ករណី ក្នុងនោះស្លាប់សរុប ៧៦២នាក់ និងជាសះស្បើយវិញជាង ២២,៤០០នាក់៕ដោយ៖ស តារា