ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលភ្ញៀវទេសចរទាំងប្រុសស្រីក្មេងចាស់ នាំគ្នារត់ចែកជើងគ្នា ចេញពីក្នុងទឹកនៅចំណុចរមណីយដ្ឋានយីហោ ”ទំនប់ទឹកគង្គា” ខណៈដែលក្រុមក្មេងស្ទាវ និងក្មេងទំនើងចំនួន២ក្រុម ម្ខាងៗមានគ្នាជិត២០នាក់ដូចគ្នាបានឌឺដងដាក់គ្នារហូតឈានដល់ការប្រើអំពើហិង្សា ដោយអ្នកខ្លះទាញខ្សែក្រវ៉ាត់ និងដំបង ដេញវាយតប់គ្នាទៅវិញទៅមកបង្កអស្ថេរភាពអសន្តិសុខសង្គមយ៉ាងខ្លាំង និងបណ្ដាលឲ្យមានអ្នករងរបួសដួលទៅក្នុងទឹកទៀតផង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរមណីយដ្ឋាន “ទំនប់ទឹក គង្គារ”ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទាំងវីឌីអូបង្ហោះផ្អើលបណ្តាញសង្គមកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះផងដែរ ។ ក្រោយពេលកើតហេតុ ក្រុមបង្កអសន្តិសុខទាំងពីរ បាននាំគ្នារត់គេខ្លួនបាត់អស់ទៅ ។
គួរបញ្ជាក់ថា ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតំបន់នោះ បានរិះគន់ និងស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ ព្រោះតំបន់រមណីយដ្ឋាន ទំនប់ទឹកគង្គារ នេះ ជាតំបន់ទេសចរណ៍មួយ ដែលកំពុងតែមានការទាក់ទាញភ្ញៀវទេសចរណ៍របស់ខេត្តកំពង់ឆ្នាំងផងដែរ៕ដោយ៖សហការី