អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ី បានប្រកាសឲ្យដឹងថា កម្លាំងទាហានអាកាសអាមេរិកនិងណាតូ មិនត្រឹមតែធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែនរុស្ស៊ីនោះទេ ថែមទាំងធ្វើសមយុទ្ធវាយលុកដោយមីស៊ីលទៅលើប្រទេសរុស្ស៊ី ទៀតផង។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានលើកឡើងថា កម្លាំងទាហានអាកាសអាមេរិក និងណាតូ បានធ្វើសមយុទ្ធនៅតាមព្រំដែនដើម្បីតាមដានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ នៅក្នុងខែសីហាឆ្នាំ២០២០ អាមេរិកនិងណាតូបានបង្កើនសកម្មភាពយាមល្បាតតាមដានរុស្ស៊ីច្រើនជាង៣០ភាគរយបើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ២០១៩។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺយន្តហោះចម្បាំងណាតូធ្វើសមយុទ្ធលើដែនអាកាសជាប់រុស្សុី ដោយមានយុទ្ធសាស្ត្របាញ់មីសុីលទៅកាន់គោលដៅក្នុងទឹកដីរុស្សុី។កន្លងមកយន្តហោះចម្បាំងរបស់រុស្សុីនិងណាតូមានការប៉ះទង្គិចគ្នានៅព្រំដែនអាកាស។ កាលពីថ្ងៃសុក្រសប្តាហ៍មុន យន្តហោះទម្លាក់គ្រាប់បែក៣គ្រឿងប្រភេទB-52Hរបស់កម្លាំងទាហានអាមេរិកបានហោះហើរឆ្លងកាត់ដែនអាកាសអ៊ុយក្រែន។
យន្តហោះទម្លាក់គ្រាប់បែកខាងលើត្រូវយន្តហោះចម្បាំងរុស្សុី៨គ្រឿងចេញទៅស្ទាក់យន្តហោះអាមេរិក៕