រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ សម័យជំងឺកូវីដ-១៩ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សាយ ព័ត៌មានពិត និងព័ត៌មានមិនពិតប្របូកច្របល់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការផ្ទុះឡើងនូវ ជំងឺ កូវីដ-១៩ បានធ្វើឱ្យការផ្សព្វផ្សាយដំណឹងជាព័ត៌មានពិត និងព័ត៌មាន មិនពិតកើត ឡើង ច្រើន តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយសង្គម ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោក បាន និងកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ក្លឹបអ្នកកាសែតកម្ពុជាដល់អ្នកកាសែតទទួលបានជ័យលាភីក្នុងការប្រឡងអត្ថបទសារព័ត៌មានក្នុងបរិបទកូវីដ-១៩ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ កើតនៅក្នុងសម័យនេះគឺមានភាពរន្ធត់ជាងការកើតជំងឺសម័យមុន ដោយ សម័យមុនជំងឺដែលរន្ធត់គឺជំងឺអេដស៍ បន្ទាប់មកជំងឺសារ ខណៈជំងឺកាល សម័យមុននោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនសូវមានដែលជាចំណុចមួយ។
លោករដ្ឋមន្រ្ដីបានបន្ដថា ប៉ុន្តែ អ្វីដែលសង្កេតឃើញនោះគឺមានការរួមគ្នាជាលក្ខខណៈអន្តរជាតិ ដើម្បីស្វែងរកការទប់ ទល់នឹងជំងឺទាំងនេះ។
លោករដ្ឋមន្រ្ដីបញ្ជាក់ថា “ពេលកើតជំងឺកូវីដ-១៩ យើងឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរីកទូលាយ ដូច្នេះដំណឹងពិត និងមិនពិតប្របូកច្របល់គ្នា។ ជាងនេះទៀត ពិភពលោកមិនបានសហការគ្នាស្វែងរក ដើម្បីការពារទប់ស្កាត់ គឺអត់មានអ្វី ទាំងអស់។ ផ្ទុយទៅវិញមានតែការទម្លាក់ទោសដាក់គ្នាទៅវិញទៅមក ហើយភាគីនីមួយៗ ប្រឹងស្វែងរកវ៉ាក់សាំងរៀងៗខ្លួនដើម្បីលុយ”។
លោក បានបន្តទៀតថា ការប្រជែងគ្នា រវាង បណ្តាប្រទេស ដែលស្វែង រកវ៉ាក់នេះបានបង្ហាញថាប្រទេសទាំងនោះគិតលុយជាធំ ជាង ប្រទេសជាតិទៅវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា “យើងឃើញថាមិនមានការ សហការគ្នាទេ ដែលបង្ហាញថាជាការប្រែប្រួលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺ ម្នាក់ៗត្រូវរស់ដោយខ្លួនឯង ហើយរកលុយឱ្យបានច្រើន។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន លើកឡើង ថា ឥឡូវ រុស្ស៊ីប្រកាសរកឃើញវ៉ាក់សាំង  តែចិនថាមិនជឿនោះទេ ចំណុចនេះបង្ហាញថា ម្នាក់ៗ កំពុងក្លាយជាបុគ្គលនិយម។”
លោក ខៀវ កាញារីទ្ធ បានបន្ថែមថា ជំងឺកូវីដ-១៩ នេះក៏បានធ្វើឱ្យ មានអ្នក ប្រឆាំង នឹងរាជរដ្ឋាភិបាលមិនឱ្យពាក់ម៉ាស់ ប្រឆាំងអ្នកជំនាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការផ្សាយព័ត៌មានប្របូកច្របល់ព័ត៌មានពិត និងព័ត៌មានមិនពិត។  ឯកឧត្ដម រដ្ឋមន្ត្រីថ្លែងថា “ការទុកចិត្តលើរាជរដ្ឋាភិបាល  អ្នកនយោបាយ អ្នកឯកទេស មានការអន់ ថយច្រើននៅពេលមានជំងឺកូវីដ-១៩នេះ ពីព្រោះមានការច្របូកច្របល់ព័ត៌មានពិត និង ព័ត៌មានមិនពិត”។
តែទោះបីយ៉ាងណាក្តី លោករដ្ឋមន្ត្រីបានអះអាងថា នៅកម្ពុជាយើង មូលហេតុ ដែល រាជរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសបានដោយសារ តែ ប្រ ជាពលរដ្ឋនៅជឿលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសប្រជាពលរដ្ឋនៅជឿ លើអ្នក ឯកទេសច្រើន។ ជាមួយគ្នានេះ ដោយសារតែពលរដ្ឋជឿលើរាជរដ្ឋាភិបាល និងអ្នក ឯកទេសបានជាមានអ្នកឆ្លងចំនួនតិចនៅកម្ពុជា។

លោក បានថ្លែងបន្ដថា ជំងឺកូវីដ-១៩ មិន អាចគិតថាជារឿងលេងសើចនោះទេ  ហើយកម្ពុជា ដែលទប់ស្កាត់បាននេះដោយសារ មានសម្ភារគ្រប់គ្រាន់ និងមានអ្នកឆ្លងចំនួនតិច។ ផ្ទុយទៅវិញបើកើតរហូតដល់ខ្ទង់ពាន់ ឬម៉ឺននាក់ គឺពិបាកព្យាបាល ដោយសារគ្មានលទ្ធភាពជួយនោះទេ បើផ្តល់ម៉ាស់ អាចធ្វើ បាន ប៉ុន្តែបើធ្វើតេស្តវិញគឺមិនបានទេ។
លោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា បើសិនកម្ពុជាមិនអាចទប់ស្កាត់ជំងឺកូវីដ-១៩បាននោះទេ អ្នកដែលស្លាប់ច្រើនជាងគេគឺគ្រូពេទ្យតែម្តងព្រោះគ្រូពេទ្យ ជាអ្នកជួបអ្នក ជំងឺរាល់ពេល ខណៈនៅលើពិភពលោកអ្នកដែលស្លាប់ច្រើនជាងគេគឺគ្រូពេទ្យ (សម័យ កូវីដ-១៩) គឺពួកគាត់ជាអ្នកប្រឈមជាមួយនឹងអ្នកជំងឺ។
សូមជម្រាបថា សម្រាប់ការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ពាក់ព័ន្ធនឹង ជំងឺ កូវីដ-១៩ នេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យចូលរួមចំនួន ២៥ រូប មកពីខាងទូរទស្សន៍ ៩ រូប គេហទំព័រ អនឡាញ ៨  វិទ្យុ ៥ និងកាសែតបោះពុម្ព ចំនួន ៣ រូប។ ជាលទ្ធផល គណៈ កម្មការសម្រេចជ្រើសរើសយកជ័យលាភីចំនួន៥រូប ចាប់ពីលេខ១ ដល់លេខ៥ ដោយជ័យលាភីលេខ១ ទទួលបានថវិកាចំនួន២លានរៀល និងពាន១ លេខ២ ទទួលបាន ថវិកាចំនួន១លាន ២សែនរៀល និងពាន១ លេខ៣ ទទួលបានថវិកាចំនួន៨សែនរៀល និងពាន១។ ចំពោះលេខ៤ និងលេខ៥ ទទួលបានថវិកាចំនួន៤សែនរៀលផងដែរ៕

...

ប្រភព៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print