អន្តរជាតិ៖ អាជ្ញាធរទីក្រុងហូជីមិញ បន្ទាប់ពីនៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានរាយការណ៍ថាមិនមានការឆ្លងCovid-19 ក្នុងសហគមន៍អស់រយៈពេល ៣៨ថ្ងៃមកនោះ ហើយនឹងករណីឆ្លងនៅតំបន់រួមមាន៖ ដាណាង ក្វាងណាម និងហាយឌុង ត្រូវបានគ្រប់គ្រងល្អ។ ស្រាប់តែអាជ្ញាធរក្រុមហូជីមិញ សម្រេចអនុញ្ញាតឲ្យបារ ក្លឹបកម្សាន្តចំនួន ១៨០ កន្លែង បន្តប្រតិបត្តិការឡើងវិញចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី៧ខែកញ្ញានេះតទៅ បន្ទាប់ពីបិទអស់រយៈពេលជាងមួយខែ ដើម្បីទប់ស្កាត់រលកទី២ នៃការរីករាលដាលវីរុស Covid-19។
សូមជម្រាថា បារ និងក្លឹបកម្សាន្តនៅក្រុងសៃហ្គន បានបើកដំណើរការវិញ កាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីពាក់កណ្ដាលខែមីនា ដោយសារការរីករាលដាលនៃវីរុស Covid-19។ យ៉ាងណាមិញ បន្ទាប់ពីជំងឺនេះ បានកើតឡើងម្តងទៀតកាលពីចុងខែកក្កដា អាជ្ញាធរក្រុងបានបិទសេវាកម្មកម្សាន្ត និងហាមឃាត់ព្រឹត្តិការណ៍ដែលមានមនុស្សច្រើនកុះករ។ ក្រៅពីនេះតំបន់ជាច្រើនទៀតដូចជា ៖Khanh Hoa, Binh Thuan, Quang Nam នៅភាគកណ្ដាល និង Ba Ria-Vung Tau, Dong Nai នៅភាគខាងត្បូងក៏បានបើកសេវាកម្មមិនចាំបាច់ដូចជា បារ ខារ៉ាអូខេ និងក្លឹបកម្សាន្តផងដែរ។
ជាក់ស្តែងនៅក្នុងសេចក្តីសម្រេចរបស់អាជ្ញាធរក្រុងហូជីមិញចុងក្រោយដែលចេញនៅព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញានេះ ក៏បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យ ព្រឹត្តការណ៍ និងសន្និសីទនានា ដោយអនុលោមតាមវិធានការប្រឆាំងនឹងរោគរាតត្បាត។ ខណៈដែលអ្នកស្រុក ត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាស់ និងរក្សាចម្ងាយសុវត្ថិភាពនៅទីសាធារណៈ លាងដៃជាមួយអាល់កុល និងជៀសវាងប្រមូលផ្តុំហ្វូងមនុស្សធំៗលើកលែងតែសាលារៀនការិយាល័យ និងមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ទីក្រុងហូជីមិញ បានកត់ត្រាការចម្លងក្នុងស្រុកចំនួន ៨ ករណី និងករណីចំនួន ៧ ដែលបាននាំចូលក្នុងរលកទី២ ។ ក្នុងនោះ ៧នាក់ទៀតកំពុងទទួលការព្យាបាល ខណៈពេលដែលអ្នកផ្សេងទៀតបានជាសះស្បើយ។ ជាមួយគ្នានោះដែរ ប្រទេសវៀតណាម មិនបានកត់ត្រាការចម្លងក្នុងសហគមន៍ចាប់ពីថ្ងៃទី០៣ ខែកញ្ញានេះទេ រហូតមកដល់ពេលនេះ ទើបប្រទេសមួយនេះ បានរាយការណ៍ពីករណីCovid-១៩ ចំនួន ១,០៤៩ ករណីដោយមាន ១៧៧ កំពុងព្យាបាល និង ៣៥ នាក់បានស្លាប់៕ដោយ៖ស តារា