សង្ស័យគ្លីនិក និងសម្ភព “ឈីសម្ភ័ស”គ្រូពេទ្យគ្មានជំនាញ គ្រាន់តែអ្នកជំងឺក្ដៅខ្លួនឈឺក្រពះទៅព្យាបាល ស្អែកឡើងប្រតិកម្មថ្នាំស្លាប់ ពេទ្យថាមកពីអួលបាយ

ចែករំលែក៖

ខេត្តព្រៃវែង៖ គ្លីនិក និងសម្ភពយីហោឈីសម្ភ័សសង្ស័យក្រុមគ្រូពេទ្យគ្មានជំនាញ ក្នុងការព្យាបាលបានធ្វើឲ្យអ្នកជំងឺម្នាក់ ប្រតិកម្មនឹងថ្នាំពេទ្យបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ខណៈដែលបុរសវ័យចំណាស់ម្នាក់ គ្រាន់តែមានអាការៈក្ដៅខ្លួន ចុកពោះ ឈឺក្រពះបន្តិចបន្ទួច ហើយប្រពន្ធឌុបតាមម៉ូតូ ទៅពិនិត្យនឹងពិគ្រោះជំងឺនៅគ្លីនិក និងសម្ភពខាងលើនេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ខាងកើតវង្វង់មូលស្វាយអន្ទរ ប្រហែល២៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្រាប់តែបាន១ថ្ងៃ ក៏ប្រតិកម្មថ្នាំស្លាប់ ខណៈគ្រូពេទ្យអះអាងថាមកពីអួលបាយ។

បើយោងតាមការអះអាងពីអ្នកស្រី សឿ ភាព អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយគន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បាននិយាយរៀបរាប់ប្រាប់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះថា ប្ដីរបស់គាត់ឈ្មោះ មួង ពុំ អាយុ៧២ឆ្នាំ (ស្លាប់) នៅមុនពេលកើតហេតុ ប្ដីរបស់គាត់គ្រាន់តែមានអាការៈក្ដៅខ្លួន ចុកពោះ ឈឺក្រពះបន្តិចបន្ទួចប៉ុណ្ណោះ លុះដល់ព្រឹកថ្ងៃទី១ ខែកញ្ញាថ្មីៗនេះ គាត់និងប្ដី បានជិះម៉ូតូឌុបគ្នាទៅពិគ្រោះ និងព្យាបាលជំងឺនៅគ្លីនិកត្រង់ចំណុចកើតហេតុខាងលើ។

អ្នកស្រី សឿ ភាព បន្តថា លុះពេលទៅដល់គ្រូពេទ្យបានពិនិត្យថតអេកូ រួចវិនិច្ឆ័យថា ប្ដីអ្នកស្រីរលាក ក្រពះ និងរលាក ទងប្រម៉ាត់ បន្ទាប់មកគ្រូពេទ្យបានឲ្យប្ដីអ្នកស្រីសម្រាកនៅគ្លីនិក ហើយបានរៀបចំថ្នាំចាក់ផង លេបផង និងដាក់សេរ៉ូមផងជាបន្តបន្ទាប់ បណ្ដាលឲ្យអាការៈអ្នកជំងឺធ្វើទុក្ខធ្ងន់ទៅៗ។ រហូតដល់ល្ងាចថ្ងៃទី២ ខែកញ្ញា បានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយឃើញអាការៈ អ្នកជំងឺធ្វើទុក្ខខ្លាំងធ្ងន់ធ្ងរលែងដឹងខ្លួន សន្លប់បាត់បង់ស្មារតី រួចក៏ដាច់ខ្យល់ស្លាប់តែម្តង

ភ្លាមៗនោះ ក្រុមគ្រូពេទ្យសម្រេចដឹកអ្នកជំងឺចេញពីគ្លីនិក ដើម្បីគេចពីការទទួលខុសត្រូវ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង គ្រូពេទ្យនៅទីនោះប្រាប់ថា ជួយមិនបានទេ ព្រោះអ្នកជំងឺស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារដឹកសពមកធ្វើបុណ្យនៅផ្ទះតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រោយពេលជនរងគ្រោះស្លាប់នោះ ខាងគ្លីនិក និងសម្ភពឈីសម្ភ័ស” អាចមានចេតនាមិនចង់ឲ្យភាគីជនរងគ្រោះប្តឹងផ្ដល់ ក៏បានប្រគល់លុយចំនួន,០០០,០០០រៀល ដើម្បីធ្វើជាចូលបុណ្យសព និងមិនយកថ្លៃព្យាបាលថែមទៀត។

ដោយឡែភាគីខាងគ្លីនិក និងសម្ភពយីហោឈី សម្ភ័សនៅថ្ងៃទី៧ ខែកញ្ញាម្សិលមិញនេះ ក៏បានអះអាងថា ខាងគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសហើយ រីឯអ្នកជំងឺស្លាប់ គឺដោយសារអួលបាយ ពេលប្រពន្ធរបស់អ្នកជំងឺបញ្ចុកបបរ។ តែនេះអាចជាហេតុផលមួយ សម្រាប់គ្លីនិកមួយនេះឆ្លើយយករួចខ្លួនឬយ៉ាងណានោះទេ

ដោយឡែកលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង អង្គភាពនគរដ្រ្កេហ្គន មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២០នេះ៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print