នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រកាស​ទុកពេល​ត្រឹម​ពាក់កណ្ដាល​ខែតុលា​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​អឺរ៉ុប

ចែករំលែក៖

អន្តរជាតិ៖ សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​អឺរ៉ុប លោកនាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ប្រកាស​ទុកពេល​ត្រឹម​ថ្ងៃទី១៥ ខែតុលា​ខាងមុខនេះ ។ ដោយការចរចា​លើ​កិច្ចព្រមព្រៀង​ដែល​កំណត់​របៀបរបប​រកស៊ី​រវាង​អង់គ្លេស​ដែល​ចាក​ចេញពី​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៩ និង​អឺរ៉ុប ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​តាំងពី​ការចាប់ផ្ដើម​ក​ម្ល៉េះ ខណៈ​ការចរចា​ជាច្រើន​ជុំ ក៏​មិន​ទាន់​មាន​លទ្ធផល​សមប្រកប​ដែរ​។ មិនតែប៉ុណ្ណោះទីក្រុង​ឡុង​ដ៍ ហាក់​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ខ្លាំង ហើយ​ជារឿយៗ​ព្រមាន​ថា មិនបាច់​មាន​កិច្ចព្រមព្រៀង​ក៏បាន​។

សូមជម្រាបថា ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប នឹង​បើក​ការចរចា​ជុំវិញ​ទី​៨ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ​ការចាកចេញ​អង់គ្លេស​កាលពី​ឆ្នាំ​២០១៩ ។ បើទោះ​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មបាន​ចំណាយពេល​ច្រើនក្ដី ប៉ុន្តែភាគី​ទាំងពីរ​នៅតែ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើនហើយ​ភាគី​ម្ខាងៗ​បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា មិនចេះ​ថយក្រោយ​មួយ​ជំហាន ហើយ​ប្រើប្រាស់​គោលនយោបាយ​គ្រោះថ្នាក់​ក្នុង​ការចរចា​ទៀតផង​។

ប្រធាន​ក្រុម​ចរចា​អង់គ្លេស លោក David Frost មុន​ជំនួប​ជាមួយ​​ភាគី​អឺរ៉ុបលោក Michel Barnier លោកបាន​ផ្ញើ​សារ​នៅ​ថ្ងៃទី​៦ ខែកញ្ញាថ្មីៗនេះថា៖ អង់គ្លេស នឹងមិន​សម្របសម្រួល​ជំហរ​របស់ខ្លួន​ឡើយ​។ ចំណែក​លោក Barnier វិញ ក៏​ធ្លាប់​ព្រមាន​ថា​រួចហើយ​ថា ការចរចា​អាច​ទៅមុខ ឬ​បរាជ័យ​អាស្រ័យ​ត្រង់​ការសម្រេចបាន​ឬ​អត់​ការ​ឯកភាពគ្នា​លើ​ការអនុញ្ញាត​ឲ្យ​អឺរ៉ុប​ចូល​ដែន​នេសាទ​អង់គ្លេស និង​បញ្ញត្តិ​ទាក់ទង​ការផ្ដល់​ជំនួយ​របស់រ​ដ្ឋ​។

​ដោយឡែកនាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បាន​ទុក​ឱសានវាទ​ត្រឹម​ថ្ងៃទី​១៥ ខែតុលាខាងមុខ ឲ្យ​ការចរចារ​សម្រេចចិត្ត​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ខណៈ​ការចរចា​ជួប​បញ្ហា​រាំងស្ទះ​ច្រើនលើក ។ ប៉ុន្តែជំហរ​នេះ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ការចង់បាន​របស់​អឺរ៉ុប​ដែរព្រោះ​អឺរ៉ុប​ត្រូវការ​ពេល​ដើម្បី​អនុវត្ត​នីតិវិធី​ផ្សេងទៀត​ដូចជា​ការបកប្រែ និង​ការផ្ដល់​សច្ចាប័ន​របស់​សភា​អឺរ៉ុប​ជាដើម​។

លោក ច​ន​សុន បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ថា៖ «​មានការ​ចាំបាច់​ដែល​ត្រូវមាន​កិច្ចព្រមព្រៀង​ជាមួយ​មិត្តភក្តិ​អឺរ៉ុប​របស់​យើង នៅត្រឹម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃទី​១៥ ខែតុលា ប្រសិន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ចូល​ធរ​មា​នៅ​ចុង​ឆ្នាំនេះ​។​» លោក​នាយករដ្ឋមន្រ្តីរូបនេះ ក៏ព្រមាន​ថា វា​ជា​រឿង​គ្មាន​ប្រយោជន៍​ដែល​ចង់​គិត​ហួស​ពី​រយៈពេល​ខាងលើ ហើយ​បើ​ចរចា​មិនបាន​សម្រេច វា​ក៏​គ្មាន​ការចាំបាច់​ត្រូវមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែរ​។​

គួរបញ្ជាក់ថា ក្នុងករណី​គ្មាន​កិច្ចព្រមព្រៀង​មែន​នោះលោក ច​ន​សុន លើកឡើងថា ប្រទេស​របស់លោក នឹង​យក​លំនាំ​តាម​អូស្ត្រាលី​ក្នុងការ​រកស៊ី​ជាមួយ​អឺរ៉ុប ឬ​លំនាំ​តាម​កិច្ចព្រមព្រៀង​រវាង​កាណាដា និង​ប្រទេស​ផ្សេង​។ សម្រាប់​អូស្ត្រាលី ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប ធ្វើឡើង​តាម​ប​ញ្ញ​តិ្ត និង​ក្បួន​យកពន្ធ​ដែល​កំណត់ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print