មេដឹកនាំ​ចិន ប្រកាសថា៖ ចិន​ទទួលជោគជ័យ​ក្នុង​សង្គ្រាម​ប្រជាជន​ប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19

ចែករំលែក៖

អន្តរជាតិ៖ ​ប្រធានាធិបតីចិនលោក ស៊ី ជិន​ភីង នៅ​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០​នេះ បានប្រកាសថា ចិន​ទទួលជោគជ័យ​ក្នុង​សង្គ្រាម​ប្រជាជន​ប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19 ដូច​អ្វីដែលតាម​ការសន្យា​របស់លោក ស៉ី កាលពី​៧​ខែ​មុន ។ ក្នុង​ពិធី​ប្រគល់​មេដាយ​ជូន​ដល់​បុគ្គល​៤​នាក់​មកពី​វិស័យ​វេជ្ជសាស្ត្រ មេដឹកនាំ​ចិន​រូបនេះ​ក៏​អះអាងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចាត់វិធានការ​ឆ្លើយតប COVID-19 ប្រកបដោយ​តម្លាភាព និង​បើកចំហ​។

ជាក់ស្តែង​ នៅក្នុងពិធី​ប្រគល់​មេដាយ​នៅ​វិមាន​ប្រជាជន​ចិន បានចាប់ផ្ដើម​ជាមួយ​ភាពស្ងប់ស្ងាត់​រយៈពេល​មួយ​នាទី​ពេញ ដើម្បី​បង្ហាញ​ក្តី​គោរព​ដល់​អ្នក​ដែល​បាត់​បង់ជីវិត​អំឡុង​ការផ្ទុះ​រាលដាល​ជំងឺ COVID-19​។ បើយោងតាម​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន ក៏បានបញ្ជាក់ថាមនុស្ស​៤៦៣៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក្នុងប្រទេស​ចិន​។

​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានប្រកាសនៅ​ចំពោះមុខ​អ្នកចូលរួម​រាប់រយ​នាក់ថា​៖«​យើង​បាន​ឆ្លង​ផុត​ការធ្វើ​តេស្ត​ជា​ប្រវត្តិសាស្ត្រ​និង​មហាអស្ចារ្យ​»​។ មិនតែប៉ុណ្ណោះលោក​ បន្ត​លើកសរសើរ​ប្រទេស​ចិន​សម្រាប់​ការតស៊ូ​ដ៏​ក្លាហាន​ប្រឆាំង COVID-19 ។​

​លោក ស៊ី សង្កត់ធ្ងន់​ក្នុង​សុន្ទរកថា​ដូច្នេះ​ថា​៖«​យើង​បានសម្រេច​ជោគជ័យ​យ៉ាង​លឿន​ក្នុង​សង្គ្រាម​របស់​ប្រជាជន​ប្រឆាំង​ជំងឺ COVID-19​។យើង​កំពុង​ដឹកនាំ​ពិភពលោក​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19»​។​ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​សូមជម្រាបថា កាលពីដើម​ខែកុម្ភៈ អំឡុងពេល​ចុះ​ត្រួតពិនិត្យ​ដោយ​កិច្ចការ​ទប់ស្កាត់ និង​គ្រប់គ្រង​កូ​រ៉ូ​ណា​វីរុស​នៅ​រដ្ឋធានី​ប៉េកាំង លោក ស៊ីជិន​ភីង ក៏ធ្លាប់បាន​អះអាងថា៖ ចិន​នឹង​ទទួលជោគជ័យ​ក្នុង​សង្គ្រាម​របស់​ប្រជាជន​ប្រឆាំង​ជំងឺ COVID-19 នៅ​ទីបំផុត​។

​បើតាមការពិតទៅ ចិន​បានទទួល​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់ខ្លួន​ប្រឆាំង COVID-19 ដោយ​ទាំង​សហរដ្ឋអាមេរិកនិង​អូស្ត្រាលី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ប៉េកាំង​ថា​បាន​ព្យាយាម​បិទបាំង​ប្រភពដើម និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 ។

​ក្នុង​សុន្ទរកថា​ដដែល ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​អះអាងថា ប្រទេសចិន បានធ្វើ​សកម្មភាព​ក្នុង​ឥរិយាបថ​ប្រកបដោយ​តម្លាភាព និង​បើកចំហ តាំងពីដើម​មក ហើយក៏​បាន​ចាត់វិធានការ​ដែល​មិន​រួញរា​ដើម្បី​ជួយ​ជីវិត​មនុស្ស​ផងដែរ​។ ត្រង់ចំណុច​នេះលោក​និយាយ​ដូច្នេះ​ថា​៖«​ចិន​បាន​ជួយ​ជីវិត​មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ហើយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ចង់បាន​ដោយស្មោះ​ត្រង់​របស់​ចិន​ក្នុង​ការកសាង​អនាគត​រួមគ្នា និង​សហគមន៍​សម្រាប់​មនុស្ស​ជាតិ​»​។​

​លោក ស៊ី ជិន​ភីង បន្ទាប់ពី​ថ្លែង​សុន្ទរកថា​ចប់ លោកក៏បានប្រគល់​មេដាយមាស​ទៅ​ឲ្យ​បុគ្គល​៤​នាក់​មកពី​វិស័យ​វេជ្ជសាស្ត្រ ដែល​លោក​ចាត់ទុកជា «​វីរជន​» ។ ក្នុងចំណោម​អ្នក​ទាំង​៤ គឺមាន​លោក​វេជ្ជបណ្ឌិត Zhong Nanshan ដែលជា​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ចិន​។ គ្រូពេទ្យ​វ័យ​៨៣​ឆ្នាំ​រូបនេះ បាន​លេច​មុខជា​ប្រមុខ​ដឹកនាំ​សមរភូមិ​របស់​ចិន​ប្រឆាំង COVID-19​។

​គួរបញ្ជាក់ថា លោក​វេជ្ជបណ្ឌិត Zhong ត្រូវ​បានប្រគល់​ពានរង្វាន់​ថ្នាក់ជាតិ​កំពូល​របស់​ចិន ចំណែក​បុគ្គល​៣​នាក់​ទៀត​ត្រូវ​បានប្រគល់​គោរមងារ​ជា «​វីរជន​របស់​ប្រជាជន​»​។ រីឯអ្នក​ទាំងបីនោះ ​គឺមាន៖ អ្នកជំនាញ​ផ្នែក​ជីវគីមី លោក​វេជ្ជបណ្ឌិត Chen Wei ប្រធាន​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​វូ​ហាន និង​អ្នកជំនាញ​ឱសថ​បុរាណ​ចិន​វ័យ​៧២​ឆ្នាំ​ម្នាក់​។​

​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុង​ពិធី​នេះ ពុំបាន​នឹក​ដល់​ឈ្មោះ​របស់​វេជ្ជបណ្ឌិត Li Wenliang នោះឡើយ ។ លោក គ្រូពេទ្យ Li ជា​មនុស្ស​ទីមួយ​ដែល​បានប្រកាស​អាសន្ន​អំពី​ការផ្ទុះ​រាលដាល COVID-19 ហើយ​ក្រោយមក​ទទួលមរណភាព​ដោយសារ​ជំងឺ​នេះ​ផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print