អន្តរជាតិ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា ចិនទទួលជោគជ័យក្នុងសង្គ្រាមប្រជាជនប្រឆាំងជំងឺរាតត្បាតសកល COVID-19 ដូចអ្វីដែលតាមការសន្យារបស់លោក ស៉ី កាលពី៧ខែមុន ។ ក្នុងពិធីប្រគល់មេដាយជូនដល់បុគ្គល៤នាក់មកពីវិស័យវេជ្ជសាស្ត្រ មេដឹកនាំចិនរូបនេះក៏អះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការឆ្លើយតប COVID-19 ប្រកបដោយតម្លាភាព និងបើកចំហ។
ជាក់ស្តែង នៅក្នុងពិធីប្រគល់មេដាយនៅវិមានប្រជាជនចិន បានចាប់ផ្ដើមជាមួយភាពស្ងប់ស្ងាត់រយៈពេលមួយនាទីពេញ ដើម្បីបង្ហាញក្តីគោរពដល់អ្នកដែលបាត់បង់ជីវិតអំឡុងការផ្ទុះរាលដាលជំងឺ COVID-19។ បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចិន ក៏បានបញ្ជាក់ថាមនុស្ស៤៦៣៦នាក់បានស្លាប់ដោយសារជំងឺនេះក្នុងប្រទេសចិន។
លោកប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសនៅចំពោះមុខអ្នកចូលរួមរាប់រយនាក់ថា៖«យើងបានឆ្លងផុតការធ្វើតេស្តជាប្រវត្តិសាស្ត្រនិងមហាអស្ចារ្យ»។ មិនតែប៉ុណ្ណោះលោក បន្តលើកសរសើរប្រទេសចិនសម្រាប់ការតស៊ូដ៏ក្លាហានប្រឆាំង COVID-19 ។
លោក ស៊ី សង្កត់ធ្ងន់ក្នុងសុន្ទរកថាដូច្នេះថា៖«យើងបានសម្រេចជោគជ័យយ៉ាងលឿនក្នុងសង្គ្រាមរបស់ប្រជាជនប្រឆាំងជំងឺ COVID-19។យើងកំពុងដឹកនាំពិភពលោកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងក្នុងការប្រយុទ្ធប្រឆាំង COVID-19»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
សូមជម្រាបថា កាលពីដើមខែកុម្ភៈ អំឡុងពេលចុះត្រួតពិនិត្យដោយកិច្ចការទប់ស្កាត់ និងគ្រប់គ្រងកូរ៉ូណាវីរុសនៅរដ្ឋធានីប៉េកាំង លោក ស៊ីជិនភីង ក៏ធ្លាប់បានអះអាងថា៖ ចិននឹងទទួលជោគជ័យក្នុងសង្គ្រាមរបស់ប្រជាជនប្រឆាំងជំងឺ COVID-19 នៅទីបំផុត។
បើតាមការពិតទៅ ចិនបានទទួលសម្ពាធខ្លាំងពីអន្តរជាតិពាក់ព័ន្ធនឹងការឆ្លើយតបរបស់ខ្លួនប្រឆាំង COVID-19 ដោយទាំងសហរដ្ឋអាមេរិកនិងអូស្ត្រាលីបានចោទប្រកាន់រដ្ឋាភិបាលប៉េកាំងថាបានព្យាយាមបិទបាំងប្រភពដើម និងភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 ។
ក្នុងសុន្ទរកថាដដែល ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតី ស៊ី ជិនភីង បានអះអាងថា ប្រទេសចិន បានធ្វើសកម្មភាពក្នុងឥរិយាបថប្រកបដោយតម្លាភាព និងបើកចំហ តាំងពីដើមមក ហើយក៏បានចាត់វិធានការដែលមិនរួញរាដើម្បីជួយជីវិតមនុស្សផងដែរ។ ត្រង់ចំណុចនេះលោកនិយាយដូច្នេះថា៖«ចិនបានជួយជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ហើយនេះបង្ហាញឲ្យឃើញពីភាពចង់បានដោយស្មោះត្រង់របស់ចិនក្នុងការកសាងអនាគតរួមគ្នា និងសហគមន៍សម្រាប់មនុស្សជាតិ»។
លោក ស៊ី ជិនភីង បន្ទាប់ពីថ្លែងសុន្ទរកថាចប់ លោកក៏បានប្រគល់មេដាយមាសទៅឲ្យបុគ្គល៤នាក់មកពីវិស័យវេជ្ជសាស្ត្រ ដែលលោកចាត់ទុកជា «វីរជន» ។ ក្នុងចំណោមអ្នកទាំង៤ គឺមានលោកវេជ្ជបណ្ឌិត Zhong Nanshan ដែលជាអ្នកជំនាញវេជ្ជសាស្ត្រដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន។ គ្រូពេទ្យវ័យ៨៣ឆ្នាំរូបនេះ បានលេចមុខជាប្រមុខដឹកនាំសមរភូមិរបស់ចិនប្រឆាំង COVID-19។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Zhong ត្រូវបានប្រគល់ពានរង្វាន់ថ្នាក់ជាតិកំពូលរបស់ចិន ចំណែកបុគ្គល៣នាក់ទៀតត្រូវបានប្រគល់គោរមងារជា «វីរជនរបស់ប្រជាជន»។ រីឯអ្នកទាំងបីនោះ គឺមាន៖ អ្នកជំនាញផ្នែកជីវគីមី លោកវេជ្ជបណ្ឌិត Chen Wei ប្រធានមន្ទីរពេទ្យមួយក្នុងទីក្រុងវូហាន និងអ្នកជំនាញឱសថបុរាណចិនវ័យ៧២ឆ្នាំម្នាក់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងពិធីនេះ ពុំបាននឹកដល់ឈ្មោះរបស់វេជ្ជបណ្ឌិត Li Wenliang នោះឡើយ ។ លោក គ្រូពេទ្យ Li ជាមនុស្សទីមួយដែលបានប្រកាសអាសន្នអំពីការផ្ទុះរាលដាល COVID-19 ហើយក្រោយមកទទួលមរណភាពដោយសារជំងឺនេះផងដែរ ៕ដោយ៖ស តារា