អន្តរជាតិ៖ រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ខណៈដែលកំពុងមានជម្លោះផ្នែកសេដ្ឋកិច្ចនិងការទូតនោះ ពេលនេះអាជ្ញាធរប្រទេសចិនបានឈប់ផ្ដល់ប័ណ្ណសារព័ត៌មានដល់អ្នកកាសែតបរទេស ដែលធ្វើការឲ្យស្ថាប័នព័ត៌មានអាមេរិក ក្នុងប្រទេសចិន។ នេះគឺជាវិធានការថ្មីចុងក្រោយបំផុត នៃការបន្តសងសឹកគ្នាទៅវិញទៅមកផងដែរ ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ អ្នកកាសែតដែលបានដាក់ពាក្យ ស្នើសុំបន្តប័ណ្ណសារព័ត៌មានរបស់ពួកគេដែលមានសុពលភាពពេញមួយឆ្នាំនោះ ពេលនេះបានទទួលបានប័ណ្ណសារព័ត៌មានបណ្តោះអាសន្នជំនួសវិញ និងទិដ្ឋាការថ្មីដែលមានរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។
បើតាមការអះអាងតាមបណ្តាញព័ត៌មាន CNN របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់ខ្លួន គឺលោក David Culver ដែលកើតក្នុងសហរដ្ឋអាមេរិក គឺជាអ្នកកាសែតម្នាក់ ក្នុងចំណោមអ្នកកាសែតដែលរងការប៉ះពាល់ដោយសារការសម្រេចរបស់រដ្ឋាភិបាលចិននេះ។
ក្រៅពីអ្នកកាសែត CNN នោះ អ្នកកាសែតផ្សេងទៀតដែលរងការប៉ះពាល់នេះដែរ គឺអ្នកកាសែតដែលធ្វើការឲ្យសារព័ត៌មាន The Wall Street Journal និងក្រុមហ៊ុនផ្សព្វផ្សាយ Getty Images ដែលជាក្រុមហ៊ុនផ្តល់រូបថតឌីជីថលដល់ស្ថាប័នព័ត៌មាននានាជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The New York Times ។
ជុំវិញបញ្ហានេះដែរ អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាសហរដ្ឋអាមេរិកមានការរំខានចិត្តដោយការសម្រេចរបស់ប្រទេសចិននេះ ដែលនេះនឹងធ្វើឲ្យបរិយាកាសនៃការរាយការណ៍ព័ត៌មាននៅក្នុងប្រទេសចិនកាន់តែអាក្រក់ឡើង៕ដោយ៖ស តារា