លោក ដូ​ណា​ល់ ត្រាំ អះអាងសារ​ជាថ្មី​ថា៖ គំនិត​លោកលែង​ចង់​ធ្វើ​ជំនួញ​ជាមួយ​ចិន

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ​អះអាងថា អាមេរិក នឹងមិន​ខាតបង់​ទឹកប្រាក់​អ្វី​ឡើយ​បើសិនជា​មហាអំណាច​សេដ្ឋកិច្ច​រវាងសហរដ្ឋអាមេរិក និងចិន ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ក៏ដោយនោះ ។ មិនតែប៉ុណ្ណោះលោក ត្រាំ សង្កត់ធ្ងន់ថា គំនិត​ដែល​លែង​ចង់​ឲ្យ​សេដ្ឋកិច្ច​អាមេរិក និង​ចិន​មាន​ទំនាក់ទំនង​ជាមួយគ្នា គឺជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​។​

លោក ដូ​ណា​ល់ ត្រាំ ថ្លែង​នៅក្នុង​ទិវា​ពលកម្ម​អាមេរិក កាលពីថ្ងៃទី​៧ ខែកញ្ញាថ្មីៗនេះ ដោយបាន​សន្យាថា នឹង​នាំយក​ការងារ​ដែល​បាត់បង់​ត្រឡប់​ចូលមកក្នុង​ស្រុក​វិញ​។ លោក​និយាយ​បែបនេះ ដោយ​សំដៅ​ទៅលើ​ការងារ​ដែល​បាត់បង់​ក្នុង​ទឹកដី​អាមេរិក ដោយសារតែ​ក្រុម​ក្រុមហ៊ុន​របស់ខ្លួន​ទៅ​វិនិយោគ និង​បង្កើត​ការងារ​នៅ​ចិន​វិញ​។

លោក ត្រាំ បានបញ្ជាក់ថា «​យើង​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដូច្នេះ​បើសិនជា​យើង​មិន​ធ្វើ​ជំនួញ​ចិន យើង​នឹងមិន​ខាត​ប្រាក់​រាប់លាន​ដុល្លារ​នោះដែរ​»​។ លោក ត្រាំ បន្ថែមថា ជាមួយនឹង​ការសន្យា​ថា នាពេល​អនាគត រដ្ឋបាល​របស់លោក​នឹង​ហាមប្រាម​ទីភ្នាក់ងារ​សហព័ន្ធ​មិន​ឲ្យ​ចុះកិច្ចសន្យា​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ណា​ដែល​ចេញទៅ​ផលិត​នៅ​ចិន និង​ឲ្យ​ចិន​ទទួលខុសត្រូវ​ចំពោះ​ជំងឺ COVID-19 ដែល​កំពុង​សាយភាយ​ជុំវិញ​ពិភពលោក​ផង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters និយាយថា លោក ត្រាំ ក៏​ប្ដេជ្ញា​ថា រដ្ឋបាល​លោក នឹងធ្វើ​ឲ្យ​អាមេរិក​ក្លាយជា​មហាអំណាច​ផលិតកម្ម​របស់​ពិភពលោក និង​បញ្ចប់​ការពឹង​ពាក់​លើ​ចិន​ទាំងស្រុង​។ បើតាម​មេដឹកនាំ​អាមេរិក​រូបនេះ មិន​ថា​ការ​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយគ្នា ឬ​ការដាក់​ពន្ធ​នាំចូល​ឡើយ អាមេរិក​នឹង​បញ្ចប់​ការពឹង​ពាក់​លើ​ចិន ព្រោះ​អាមេរិក​មិនអាច​ពឹង​ប្រទេស​នេះ​បានទេ​។ ​ជាមួយគ្នានោះដែរ លោកត្រាំ ក៏​គំរាម​យកពន្ធ​លើ​ក្រុមហ៊ុន​ណា​ដែល​មិនបង្កើត​ការងារ​នៅ​អាមេរិក និង​ទៅ​បង្កើត​ការងារ​នៅ​ចិន ឬ​ប្រទេស​ដទៃ​ដែរ​។​

​គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែលលោក ត្រាំ និយាយ​ដល់​រឿង​ឈប់​រកស៊ី​ជាមួយ​ចិន​។ ប៉ុន្តែ​លោក​ប្រើពាក្យ​នេះ​កាន់តែខ្លាំង​ពេល​ការបោះឆ្នោត​ខិត​កាន់តែ​កៀក​។ ជុំវិញបញ្ហានេះ លោក Steven Mnuchin រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក ធ្លាប់​លើកឡើង​ក្នុង​ខែមិថុនា​កន្លងទៅថា៖ ការ​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ចិន អាច​នឹង​កើតឡើង​មែន បើសិនជា​ក្រុមហ៊ុន​អាមេរិក​មិនត្រូវ​បាន អនុញ្ញាត​ឲ្យ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​ក្នុង​សេដ្ឋកិច្ច​ចិន​នោះ​។​

​យ៉ាងណាមិញ ចំពោះគំនិត​ខាងលើ មិន​ទទួលបាន​ការគាំទ្រ​ឡើយ​។ ទាំង​មន្ត្រី​អាមេរិក ក៏ដូចជា​អ្នកវិភាគ​សេដ្ឋកិច្ច​បាននាំគ្នា​អះអាងថា គំនិត​ដែល​ចង់​ផ្តាច់​មិន​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​នឹង​គ្នា គឺជា​រឿង​មិនអាច​ធ្វើទៅ​រួច​ឡើយ ដោយហេតុថា សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​២​ជាប់​ជំពាក់ជំពិន​គ្នា​អស់ហើយ​។ ប៉ុន្តែ ទីក្រុង​វ៉ាស៊ីនតោន នៅ​អាច​បន្ត​ដាក់​សម្ពាធ​ឲ្យ​ទីក្រុង​ប៉េកាំង បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ធ្វើ​ជំនួញ​ដោយ​ស្មើភាព​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print