ភ្នំពេញ៖ កាលពីថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលា ស្តីពី «សន្តិសុខតាមប្រព័ន្ធអុីនធឺណិត និងបទល្មើសបច្ចេកវិទ្យា៖ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅ នៅបន្ទប់ ធម្មវិជ័យ (ជាន់ទី២) នៃអគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមគំនិតផ្តួចផ្តើម និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណង ស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការពិភាក្សា ស្តីពីយុទ្ធសាស្រ្តសន្តិសុខតាមប្រព័ន្ធអុីនធឺណិត និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងចែករំលែកវិធានការកសាងទំនុកចិត្ត ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន និងគមនាគមន៍៕
ដោយ៖ សិលា