បណ្តាញកម្សាន្តសង្គម វីដេអូទិកតុកTikTok មានភាពល្បីល្បាញនៅលើពិភពលោក ត្រូវរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្ម ហើយហាមប្រាមដំណើរការនៅលើទឹកដីអាមេរិក លើកលែងតែបណ្តាញទិកតុកត្រូវលក់ឲ្យពលរដ្ឋអាមេរិកនោះ។
នៅពេលនេះអូស្ត្រាលីបានដើរតាមគម្រោងរបស់អាមេរិក ដោយបានថ្កោលទោសយ៉ាងខ្លាំងដល់ បណ្តាញវិីដេអូកម្សាន្តទិកតុក ក្រោយពេលទុកឲ្យឃ្លីបវីដេអូស្តីពីបុរសជនជាតិអាមេរិកម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតដោយប្រើកាំភ្លើងខ្លី។
ក្រោយការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាល និងពលរដ្ឋអូស្ត្រាលីមក ក្រុមហ៊ុនទិកតុកបានចេញមកបកស្រាយ ហើយបានលុបឃ្លីបវីដេអូខាងលើ ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកScott Morrison បានស្នើដល់ក្រុមហ៊ុនទិកតុក ត្រូវទប់ស្កាត់រាល់សកម្មភាពឃ្លីបវីដេអូដែលមានសកម្មភាពហិង្សា។
រដ្ឋាភិបាលអាមេរិកបានចាត់វិធានការតឹងតែងបំផុតទៅលើបណ្តាញសង្គមទិកតុករបស់ចិន។ ក្រៅពីនេះនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតរបស់ចិនក្លាយជាគោលដៅវាយប្រហាររបស់អាមេរិក ក្នុងនោះមានអាលីបាបាជាដើម។
ចំណែករដ្ឋាភិបាលចិនវិញបានលើកឡើងថា សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការប្លន់ក្រុមហ៊ុនរបស់ចិនដែលទទួលបានជោគជ័យនៅក្នុងការធ្វើអាជីវកម្ម នោះឡើយ។ កន្លងមកអាមេរិកបានវាយប្រហារទៅលើក្រុមហ៊ុនហួវៃដោយចោទប្រកាន់ថាបានគំរាមកំហែងដល់សន្តិសុខជាតិ៕